Friday, May 10, 2013

បទប្បញ្ញត្តិ​ក្រឹត្យ-ច្បាប់​លេខ ៣៨ ក្រច​ ដែល​នៅ​ជា​ធរមានបន្ទាប់​ពី​ការ​ដាក់​ឲ្យ​អនុវត្ត​ក្រម​រដ្ឋប្បវេណី (Decree-Law 38 on Contracts and Liabilities is mostly repealed/Le contrat de transport en droit cambodgien)

ក្រឹត្យ-ច្បាប់​លេខ ៣៨ ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ​១៩៨៨ ស្តីពី "កិច្ច​សន្យា និង​ការទទួល​ខុសត្រូវ​ក្រៅ​កិច្ច​សន្យា" ធ្លាប់​ត្រូវ​បាន​ចាត់​ទុកដោយ​អ្នក​ច្បាប់ សាស្រ្តាចារ្យ ក៏​ដូច​ជា​និស្សិត​ថា​ជា​លិខិតូបករណ៍​គតិយុត្តចម្បង និង​ជា​មូលដ្ឋានគ្រឹះ​​នៃ​នីតិ​កាតព្វកិច្ច នីតិកិច្ច​សន្យា ក៏​ដូច​ជា​ការ​ទទួល​ខុស​ត្រូវ​ក្រៅកិច្ច​សន្យា​​ របស់​ប្រទេស​កម្ពុជា។

យ៉ាងណា​ម៉ិញ ​កម្ពុជា​បាន​​ប្រកាស​ឲ្យ​ប្រើ​ក្រម​រដ្ឋ​ប្បវេណី​ នៅ​ថ្ងៃ៨ ខែធ្នូ ឆ្នាំ​២០០៧ ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ក្រម​ដ៏​សំខាន់​មួយ​នៃ​​នីតិ​ឯកជន​ ដោយ​ហេតុ​ថា​ក្រម​រដ្ឋប្បវេណី​នេះ​គឺ​ជា​ច្បាប់​មូលដ្ឋាន ជា​ច្បាប់​សាមញ្ញ​ ឬ​ជា​ច្បាប់​រួម​ដែល​អនុវត្ត​គ្រប់​ទំនាក់ទំនង​គតិយុត្ត​ក្នុង​នីតិឯកជន​លើកលែង​តែ​មាន​ច្បាប់​ពិសេស។ ក្នុង​ក្របខណ្ឌ​នេះ ក្រម​រដ្ឋប្បវេណី​បាន​បញ្ញត្តិ​ពី​វិធាននានាទាក់ទង​នឹង​ ​កាតព្វកិច្ច កិច្ច​សន្យា ក៏​ដូច​ជា​ការ​ទទួល​ខុសត្រូវ​រដ្ឋ​ប្បវេណី​ផងដែរ។ អាស្រ័យ​ហេតុនេះ គេ​អាច​នឹង​មាន​ចម្ងល់ថា​តើ​ក្រឹត្យ-ច្បាប់​លេខ ៣៨ ខាង​លើ​ត្រូវ​បាន​និរាករណ៍​ទាំង​ស្រុង ឬ​យ៉ាងណា។

នៅថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១១ ច្បាប់​ស្តីពី​ការ​អនុវត្ត​ក្រម​រដ្ឋប្បវេណី​ ត្រូវ​បាន​ប្រកាសឲ្យ​ប្រើ ដោយ​បាន​កំណត់កាល​បរិច្ឆេទ​នៃ​ការ​អនុវត្ត​ក្រុម​រដ្ឋប្បវេណី​ ដូច​នឹង​ការអនុវត្ត​នៃ​ច្បាប់​នេះ​ដែរ​ (ក្រោយ​ពេលចូលជា​ធរមាន​នៅទូទាំង​ប្រទេស​ ច្បាប់​នេះ​ត្រូវ​ផ្សព្វផ្សាយ​រយៈពេល ៦ (ប្រាំ​មួយ) ខែ​ ទើបត្រូវ​អនុវត្ត)​ ​។ ច្បាប់​នេះ​មាន​គោលបំណង​ធានាស្ថិរភាព​នៃ​ទំនាក់ទំនង​គតិយុត្តផ្នែករដ្ឋប្បវេណី​ និង​ធានា​ឲ្យ​មាន​ការ​អនុវត្ត​​ត្រឹម​ត្រូវ​នូវ​បទប្បញ្ញត្តិ​នៃ​ក្រម​រដ្ឋប្បវេណី។ ដើម្បីបំភ្លឺ​ចម្ងល់​ពី​អានុភាព​នៃ​ក្រឹត្យ-ច្បាប់​លេខ ៣៨ ខាងលើ ច្បាប់​ស្តីពី​ការ​អនុវត្ត​ក្រម​រដ្ឋប្បវេណី​បាន​កំណត់​ថា "ក្រឹត្យ-ច្បាប់​លេខ ៣៨ ក្រ.ច ត្រូវបាត់បង់​អានុភាព​ចាប់​ពីកាលបរិច្ឆេទ​នៃការអនុវត្ត​ លើកលែង​តែ​មាត្រា ៨៣ ដល់​មាត្រា ៨៨ នៃ​ក្រឹត្យ-ច្បាប់​លេខ ៣៨ នោះ​នៅតែមាន​អានុភាព​ នៅ​ក្រោយ​កាល​បរិច្ឆេទនៃ​ការអនុវត្ត​ រហូតដល់ពេល​ដែល​កំណត់​ដោយ​ច្បាប់​ផ្សេង" (មាត្រា ៧៩ ច្បាប់​ស្តីពី​ការ​អនុវត្ត​ក្រុម​រដ្ឋប្បវេណី)។

តាមន័យ​នេះ ចាប់​ពី​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១១ រាជរដ្ឋាភិបាលកម្ពុជា​ប្រកាស​ឲ្យអនុវត្ត​​ក្រម​រដ្ឋប្បវេណី និង​ច្បាប់​ស្តីពី​ការ​អនុវត្ត​ក្រម​រដ្ឋ​ប្បវេណី​រួម​មក បទប្បញ្ញត្តិ​នៃ​ក្រឹត្យ-ច្បាប់​លេខ ៣៨ ដែល​នៅ​ជាធរមាន​នោះ​គឺ​មាន​តែ​មាត្រា ៨៣ ដល់​មាត្រា​ ៨៨ ប៉ុណ្ណោះ ពោលគឺ​ជា​បទប្បញ្ញត្តិ​ពាក់​ព័ន្ធ​នឹង​កិច្ច​សន្យា​​ដឹកជញ្ជូន

មាត្រា ៨៣៖ កិច្ច​សន្យា​ដឹកជញ្ជូន​ ជា​កិច្ច​សន្យា​ដែល​អ្នក​ដឹកជញ្ជូន​សន្យា​ដឹក​អ្នក​ដំណើរ​ ភារៈវត្ថុ ឬ​ទំនិញ ពីកន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត​ដោយ​យក​ថ្លៃ​តាម​ការ​ព្រម​ព្រៀង​ ឬ​តាម​ថ្លៃ​កំណត់​របស់​រដ្ឋ។

មាត្រា ៨៤៖ កាលណា​អ្នក​ដឹក​ជញ្ជូន​យឺតយ៉ាវ​ក្នុង​ការ​ប្រគល់​យាន​ដឹក​ជញ្ជូន​ អ្នក​បញ្ជូន​មាន​សិទ្ធិ​បញ្ឈប់​កិច្ច​​សន្យា​ហើយ​តម្រូវ៖

  • ឲ្យ​សង​ប្រាក់​ចំណាយ​ក្នុង​ការ​លើក​ដាក់​ និង​ប្រាក់​ដែល​បាន​បង់រួច​ហើយ​ទៅ​ឲ្យ​អ្នក​ដឹក​ជញ្ជូន​ផ្សេងទៀត។
  • ឲ្យ​សង​ជួសជុល​អន្តរាយ​ បណ្តាល​មក​ពី​ការ​យឺតយ៉ាវ "ករណី​បាត់ ឬ​ខូចភារៈ​វត្ថុ ឬ​ទំនិញ​ដែល​ត្រូវ​ដឹក​ជញ្ជូន​ ឬ​ការ​ចុះតំលៃ បណ្តាល​មក​ពី​ការ​យឺតយ៉ាវ​។
មាត្រា ៨៥កាលណា​អ្ន​កបញ្ជូន​យឺតយ៉ាវ​ក្នុង​ការ​លើក​ដាក់​ភារៈវត្ថុ ឬ​ទំនិញ អ្នក​ដឹក​ជញ្ជូន​មាន​សិទ្ធិ​តំរូវ​ឲ្យ​ជួស​ជុល​ការ​ខាត​បង់​ និង​បញ្ឈប់​កិច្ច​សន្យា។​

មាត្រា ៨៦៖ អ្នក​ដឹក​ជញ្ជូន​ត្រូវ​ទទួល​ខុសត្រូវ​អំពី​ការ​បាត់​បង់​ ឬ​ការ​ខូច​ខាត​លើ​វត្ថុ​ដឹក​ជញ្ជូន។ អ្នក​ដឹក​ជញ្ជូន​ក៏​ត្រូវ​ទទួល​ខុសត្រូ​វ​អំពី​គ្រោះ​ថ្នាក់​ដែល​បណ្តាល​ឡើង​ដល់​អ្នក​ដំណើរ ក្នុង​ពេល​ដែល​ខ្លួន​ដឹក​ជញ្ជូនដែរ។
អ្នក​ដឹក​ជញ្ជូន​ត្រូវ​បាន​រួច​ខ្លួន​ពី​ការទទួល​ខុសត្រូវ​ខាង​លើ​ ក្នុង​ករណី​ប្រធាន​សក្តិ ឬ​ក្នុង​ករណី​អ្នក​ដំណើរ​ត្រូវ​រង​គ្រោះ ដោយ​មក​ពី​ការ​ធ្វេសប្រហែស​របស់​ខ្លួន។
បើ​ភារៈវត្ថុ​ ឬ​ទំនិញ​ដែល​ត្រូវ​គេ​ប្រគល់​ឲ្យ​ដឹក​ជញ្ជូន​អន្តរាយ​ដោយ​ចោរកម្ម អ្នក​ដឹក​ជញ្ជូន​ត្រូវ​ជួសជុល​សំណង​នៃ​ភារៈវត្ថុ ឬ​ទំនិញនោះ។

មាត្រា ៨៧អ្នក​ដឹក​ជញ្ជូន​ត្រូវ​ធានា​អំពី​ការ​ខូច​ខាត​លើ​វត្ថុ ប្រសិន​បើ​ការ​ខូច​ខាត​នោះ មិន​មែន​បណ្តាល​ម​ក​ពី​ករណី​ប្រធាន​សក្ខិ ឬ​វិបត្តិ​ផ្ទាល់​នៃ​វត្ថុ​នោះ។ អ្នក​ដឹក​ជញ្ជូន​ត្រូវ​ទទួល​ខុសត្រូវ​ជា​ពិសេស​ចំពោះ​ការ​បាត់​បង់​ ឬ​ការ​ខូច​ខាត​ បណ្តាល​មក​ពី​ការយឺតយ៉ាវ​ដោយ​គ្មាន​មូលហេតុ​សម​ស្រប​នៅពេល​ដឹក​ជញ្ជូន។

មាត្រា ៨៨ បណ្តឹង​សុំ​ជួស​ជុល​ការ​ខូច​ខាត​ ត្រូវ​ធ្វើ​ក្នុង​រយៈពេល​ ១ ឆ្នាំ​ គិត​ពីថ្ងៃ​ដែល​ម្ខាស់​របស់​បាន​ដឹង​ថា​ បាត់ ឬ​ខូចខាត ឬ​គិត​ពី​ថ្ងៃ​ដែល​អ្នក​ដំណើរ​បាន​ទទួល​រង​គ្រោះ។