Monday, May 13, 2013

បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​អាពាហ៍​ពិពាហ៍​និង​គ្រួសារ​ដែល​នៅ​ជា​ធរមាន​បន្ទាប់​ពីការ​អនុវត្ត​ក្រម​រដ្ឋ​ប្បវេណី (Law on Marriage and Family is mostly repealed by Civil Code/Le mariage à l'étranger et Le mariage avec un étranger)


ដូច​គ្នា​នឹង​ករណី​ក្រឹត្យ-ច្បាប់​លេខ ៣៨ ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ​១៩៨៨ ស្តីពី "កិច្ច​សន្យា និង​ការទទួល​ខុសត្រូវ​ក្រៅ​កិច្ច​សន្យា" ដែល​ត្រូវ​បាន​និរាករណ៍​មួយ​ផ្នែក​ធំ​ដោយ​ក្រម​រដ្ឋប្បវេណី និង​ច្បាប់​ស្តីពី​ការអនុវត្ត​ក្រម​រដ្ឋប្បវេណីនោះ យើង​សង្កេត​ឃើ​ញថា​ ច្បាប់​ស្តីពីអាពាហ៍ពិពិពាហ៍​ និង​គ្រួសារ​  ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ​១៩៨៩ ក៏ត្រូវ​បាន​និរាករណ៍​មួយផ្នែកធំដែរ។

មាត្រា​ ៧៨ នៃ​ច្បាប់​ស្តីពីការ​អនុវត្ត​ក្រម​រដ្ឋប្បវេណី បាន​បញ្ញត្ត​ថា "ច្បាប់​ស្តីពី​អាពាហ៍ពិពាហ៍ និង​គ្រួសារ​ ត្រូវ​បាត់​បង់​អានុភាព​ចាប់​ពីកាលបរិច្ឆេទ​នៃ​ការ​អនុវត្ត​ លើ​កលែង​តែ​បញ្ញត្តិ​នៃ​មាត្រា ៧៦ មាត្រា ៧៧ និង​បញ្ញត្តិ​ពីមាត្រា៧៩ ដល់​មាត្រា៨១ នៃ​ច្បាប់​នោះ​នៅ​តែ​មាន​អានុភាព​នៅក្រោយ​កាលបរិច្ឆទ​នៃ​ការ​អនុវត្ត​រហូត​ដល់​ពេល​ដែល​កំណត់​ផ្សេងដោយ​ច្បាប់"។

តាមន័យ​នេះ ចាប់​ពី​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១១ រាជរដ្ឋាភិបាលកម្ពុជា​ប្រកាស​ឲ្យអនុវត្ត​​ក្រម​រដ្ឋប្បវេណី និង​ច្បាប់​ស្តីពី​ការ​អនុវត្ត​ក្រម​រដ្ឋ​ប្បវេណី​រួម​មក បទប្បញ្ញត្តិ​នៃច្បាប់​ស្តីពីអាពាហ៍ពិពិពាហ៍​ និង​គ្រួសារ​ ដែល​នៅ​ជាធរមាន​នោះ​គឺ​មាន​តែ​មាត្រា ៧៦ មាត្រា ៧៧ (អាហារកិច្ច​បន្ទាប់​ពីលែងលះ) និង​បញ្ញត្តិ​ពីមាត្រា៧៩ ដល់​មាត្រា៨១ ប៉ុណ្ណោះ (អាពាហ៍ពិពាហ៍​នៅ​បរទេស ឬ​ជាមួយ​ជន​បរទេស)៖



មាត្រា ៧៦៖
ក្នុងករណីលែងលះគ្នា ភាគី​ដែលគ្មាន​កំហុស​ ហើយ​ខ្វះខាត​ អាច​ស្នើ​សុំ​អាហារកិច្ច​ពីភាគី​ម្ខាង​ទៀត​បាន។​ ភាគីខាងក្រោយ​នេះ​ត្រូវ​តែ​ជួ​យឧបត្ថម្ភ​ទៅតាមលទ្ធភាព​របស់​ខ្លួន។

កំរិតអាហារកិច្ច​ត្រូវ​សំរេច​តាម​ការ​យល់​ព្រម​របស់​គូភាគី​ទំាង​សង​ខាង។
ក្នុង​ករណី​ដែល​គូភាគីទាំង​សង​ខាង​មិន​ឯកភាព​គ្នា​ តុលាការ​ប្រជាជន​ត្រូវ​សំរេច​សេចក្តី។
បើ​ជន​ដែល​ទទួល​អាហារកិច្ច​រៀបអាពាហ៍ពិពាហ៍​ថ្មី​ទៀត ជននោះឈប់​មាន​សិទ្ធិ​ទទួល​អាហារកិច្ច​ទៀត​ហើយ។​

មាត្រា​ ៧៧៖
តុលារការ​ប្រជាជន​ខេត្តក្រុង អាច​កែប្រែ​ដោយ​បង្កើន​ ឬ​បន្ថយ​កំរិ​ត​អាហារកិច្ច​បាន បើ​មាន​សំណូមពរ​របស់​ភាគី​ម្ខាង។ ការ​បង្កើន​ ឬ​​បន្ថយ​អាហារកិច្ច​នោះ ត្រូវ​ធ្វើ​ឡើង​តាមលទ្ធភាព​ នៃភាគី​ដែល​ផ្តល់​អាហារកិច្ច​ និង​តាម​សេចក្តីត្រូវវ​ការ​នៃ​ភាគី​ដែល​ទទួល​អាហារកិច្ច។
អាហារកិច្ច​អាច​ផ្តល់​ជា​ទឹក​ប្រាក់ ឬ​ជា​របស់។


មាត្រា ៧៩៖
អាពាហ៍ពិពាហ៍​រវាង​ពលរដ្ឋ​កម្ពុជា​និង​ពលរដ្ឋ​កម្ពុជា ឬ​រវាង​ពលរដ្ឋ​កម្ពុជា​ និង​ជន​បរទេស​ដែល​រស់​នៅ​ឯបរទេស​​ត្រូវ​ប្រព្រឹត្ត​នៅ​ចំពោះ​មុខ​មន្ត្រី​អត្រា​នុកូលដ្ឋាន​នៃ​ស្ថានទូត ឬ​ស្ថាន​កុងស៊ុលនៃ​រដ្ឋ​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ដែល​គូភាគី​មាន​ទីលំនៅ។
ក្នុង​ករណី​ដែល​អាពាហ៍​ពិពាហ៍​រវាង​ពល​រដ្ឋ​កម្ពុជា និង​ជន​បរទេសបាន​ប្រព្រឹត្តទៅ​​ត្រឹម​ត្រូវ​តាម​ទំរង់​​នៃ​អាពាហ៍ពិពាហ៍​ដែល​មាន​ចែង​ក្នុង​ច្បាប់​នៃ​កន្លែង​រៀបអាពាហ៍ពិពាហ៍​ អាពាហ៍​ពិពាហ៍​នោះត្រូវ​បាន​ទទួល​ស្គាល់​យក​ជា​បាន​ការ​នៅ​កម្ពុជា​ ប្រសិន​បើ​អាពាហ៍​ពិពាហ៍នោះ​មិន​ផ្ទុយ​នឹង​បទ​ប្បញ្ញត្តិច្បាប់​នៃ​រដ្ឋ​កម្ពុជា​។ ​
លិខិត​បញ្ជាក់​អាពាហ៍​ពិពាហ៍​ ឬ​សេចក្តី​ចម្ល​ង​លិខិត​អាពាហ៍ពិពាហ៍​នេះ ត្រូវ​យក​មក​ចុះ​ក្នុង​បញ្ជី​អាពាហ៍​ពិពាហ៍​នៃ​ស្ថានទូត ឬ​ស្ថា​ន​កុង​ស៊ុល​នៃ​រដ្ឋ​កម្ពុជា​ ឬ​បើ​គូស្វាមី​ភរិយា​មក​តាំង​ទីលំនៅ​ៗ​រដ្ឋ​កម្ជុជា​​ ត្រូវ​យក​មក​ចុះ​ក្នុង​បញ្ជី​អាពាហ៍ពិពាហ៍​នៅឃុំ ឬ​សង្កាត់ ដែល​មក​តាំង​ទីលំនៅ​នោះ។

មាត្រា ៨០៖
អាពាហ៍ពិពាហ៍​រវាង​ពលរដ្ឋកម្ជុជា និង​ជន​បរទេស​នៅ​រដ្ឋ​កម្ជុជា​ត្រូវ​ប្រព្រឹត្តទៅតាម​ច្បាប់​នៃ​រដ្ឋកម្ជុជា។

មាត្រា ៨១៖
ការរំលាយ​អាពាហ៍ពិពាហ៍​ដែល​ធ្វើ​នៅ​ឯបរទេស​រវាង​ពល​រដ្ឋ​កម្ជុជា​ និង​ពលរដ្ឋ​កម្ជុជា​ ឬ​រវាង​ពលរដ្ឋកម្ជុជា​ និង​ជន​បរទេស​ដែល​រស់​នៅ​ឯបរទេស​ ត្រូវ​បាន​ទទួល​ស្គាល់​យក​ជា​ការ​បាន​នៅ​រដ្ឋ​កម្ជុជា។
-    ការ​រំលាយ​អាពាហ៍ពិពាហ៍​រវាង​ពលរដ្ឋ​កម្ពុជា និង​ជន​បរទេស ឬ​ការ​រំលាយ​អាពាហ៍​ពិពាហ៍​រវាង​ជន​បរទេស​នៅរដ្ឋកម្ពុជាត្រូវ​ធ្វើ​តាម​ច្បាប់​នៃ​រដ្ឋ​កម្ពុជា។
-    តុលាការ​ប្រជាជន​នៃ​រដ្ឋកម្ពុជា មាន​សមត្ថកិច្ច​សម្រេច​លើ​បណ្តឹង​សុំ​រំលាយ​អាពាហ៍​ពិពាហ៍​របស់​សហព័ទ្ធណាមួយ​ដែល​ចូល​មក​តាំង​ទី​លំនៅ​ៗ​រដ្ឋកម្ពុជា។