Tuesday, February 8, 2011

រឿងក្តី​ប្រាសាទ​ព្រះ​វិហារ

ឯកសារ​ពាក់​ព័ន្ធ​នឹង​រឿង​ក្តី​ប្រាសាទ​ព្រះ​វិហារ៖

ដោយ​ហេតុ​ថា​ រឿង​ក្តី​ប្រាសាទ​ព្រះ​វិហារ​ជា​បច្ចុប្បន្ន​ភាព​នៃ​បណ្តាញ​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ និង​ដើម្បី​បំភ្លឺ​ឲ្យ​ច្បាស់​ពី​សេចក្តី​សម្រេច​របស់​តុលាការ​យុត្តិធម៌អន្តរជាតិ ដែល​កំណត់​ថា​ប្រាសាទ​ព្រះ​វិហា​រ​ និង​តំបន់​ជុំ​វិញ​​ប្រាសាទ​ព្រះវិហារ​ស្ថិត​នៅ​ក្នុង​ទឹកដី​ដែល​ជា​អធិបតេយ្យ​ភាព​នៃ​ប្រទេស​កម្ពុជា ខាង​ក្រោម​នេះ​​គឺ​ជា​ការ​ប្រមូល​ផ្តុំ​នៃ​បណ្តឹង​ កំណត់​ហេតុសវនាការ ក៏​ដូច​ជា​សាលដីកា​របស់​តុលាការ​យុត្តិ​ធម៌​អន្តរជាតិ៖

ការ​ដាក់​ពាក្យ​បណ្តឹង​របស់​កម្ពុជា​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ 

វិវាទ​ទាក់​ទង​នឹង​ប្រាសាទ​ព្រះ​វិហារ​ចាប់​ផ្តើម​តាន​តឹង​ខ្លាំង​​នៅ​ឆ្នាំ​ ១៩៥៤ គឺពេល​ដែល​ថៃ​​បាន​បញ្ជូន​កង​ទ័ព​របស់​ខ្លួន​មកកាន់​កាប់​ប្រាសាទ​ព្រះ​វិហារ។ ការ​ចរ​ចារ​ទ្វេភាគី​​​រវាង​កម្ពុជា​ និង​ថៃ​​មិន​ទទួល​បាន​លទ្ធផល​អ្វី​ទាំ​ង​អស់​ ហេតុនេះ​​កម្ពុជា​​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការយុត្តិធម៌អន្តរជាតិ៖
  1. បណ្តឹងចុះ​ថ្ងៃ​ទី​ ០៦ ខែ តុលា ឆ្នាំ​ ១៩៥៩ ​របស់​កម្ពុជា​ទៅ​តុលាការ​យុត្តិធម៌​អន្តរជា​តិ​​ដើម្បី​កំណត់​ថា​​ប្រាសាទ​ព្រះ​វិហារ​ស្ថិត​ក្នុង​ទឹកដី​អធិបតេយ្យ​ភា​ព​នៃ​ប្រទេស​កម្ពុជា និង​តម្រូវ​ឲ្យថៃ​​ដក​កង​ទ័ព​របស់​ខ្លួន​ទាំង​អស់​ចេញ​ពី​ព្រះ​វិហារ ក៏​ដូច​ជា​ប្រគល់​នូវ​រាល់​វត្ថុ​បុរាណមក​វិញ្​ទាំងអស់​ (អង់​គ្លេស)

វិវាទ​ទាក់​ទង​នឹង​សមត្ថកិច្ច​របស់​តុលាការ​យុត្តិធម៌អន្តរជាតិ

មុខ​នឹង​ឈាន​ដល់​ការ​ជំនុំ​ជម្រះ​លើ​អង្គសេចក្តី​ និង​បណ្តឹងទាម​ទារ​​របស់​កម្ពុជា ​តុលាការ​យុត្តិធម៌អន្តរជាតិ​បាន​ធ្វើ​ការ​ជំនុំ​ជម្រះ​លើ​សមត្ថកិច្ច​របស់​ខ្លួន ដោយ​ហេតុថា​ភាគីថៃ​​បាន​​ជំទាស់​នឹង​សមត្ថកិច្ច​របស់​តុលាការ​នេះ៖​
  1. ថៃ​​បានជំ​ទាស់​​ជា​លាយលក្ខណ៍​អក្សរនៅ​ថ្ងៃ​ទី​​ ២៣ ខែ ឧសភា ឆ្នាំ ១៩៦០ ទៅ​នឹង​​សមត្ថកិច្ច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ដោយ​ថា​ខ្លួន​មិន​បាន​ទទួល​ស្គាល់​សមត្ថកិច្ច​តុលាការ​នេះ​ឡើយ (អង់​គ្លេស)
  2. កម្ពុជា​បាន​លើក​ទឡ្ហីករ​ណ៍នៅ​ថ្ងៃ​ទី​ ២២ ខែ​ កក្កដា ឆ្នាំ ១៩៦០ ​ប្រឆាំង​នឹង​ការ​ជំទាស់​របស់​ថៃ​​ទៅ​​នឹង​សមត្ថកិច្ច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ (មាន​តែ​ជាភាសា​បារាំង) ដោយ​បញ្ជាក់​ថាថៃ​​​ពិត​ជា​បាន​ទទួល​ស្គាល់​សមត្ថកិច្ច​របស់​តុលាការ​នេះ​​​នៅ​ឆ្នាំ​១៩៥០។
  3. កំណត់​ហេតុនៃ​សវនាការ​ជាសាធារណៈ​លើ​វិវាទ​ទាក់​ទង​នឹង​សមត្ថកិច្ច​របស់​តុលាការ​យុត្តិធម៌អន្តរជាតិ​ ដែល​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ១០ និង ១៥​ ខែ​ តុលា ឆ្នាំ ១៩៦១ និង​ថ្ងៃ​ទី ២៦ ខែ​ ឧសភា​ ឆ្នាំ​ ១៩៦១ ក្រោម​ការ​ដឹកនាំ​របស់​ចៅក្រម Winiarski  (អង់​គ្លេស)
  4. សាលដីកា​​ចុះ​ថ្ងៃ​ទី​ ២៦ ខែ ឧសភា ឆ្នាំ​ ១៩៦១ របស់​តុលាការ​យុត្តិធម៌អន្តរជាតិ​ដែល​ប្រកាស​សម្លេង​ជា​ឯកច្ឆ័ន (១២ សម្លេង) ថា​តុលាការ​នេះ​មាន​សមត្ថកិច្ច​លើ​បណ្តឹង​ទាម​ទារ​របស់​កម្ពុជា (អង់​គ្លេស ឬ​សង្ខេប​ជា​អង់​គ្លេស)
  5. សេចក្តី​ប្រកាស​របស់​ចៅ​ក្រម​មួយ​ចំនួន​ពាក់​ព័ន្ធ​នឹង​សាលដីកា​ខាង​លើ៖

ការ​ជំនុំ​ជម្រះ​លើ​អង្គសេចក្តី​ទាក់​ទ​ង​នឹង​ការទាម​ទារ​របស់​កម្ពុជា៖

បន្ទាប់​ពី​តុលាការ​យុត្តិធម៌អន្តរជាតិ​ប្រកាស​ថា​ខ្លួន​មាន​សមត្ថកិច្ច​លើ​បណ្តឹង​របស់​កម្ពុជា​ នីតិវីធី​តុលាការ​បាន​ចាប់​ផ្តើម​តាំង​ពី​ការដាក់​​សារណា​របស់​ភាគី​ទាំ​ងពីរ ការ​បើក​សវនាការ និង​ការ​ចេញសេចក្តីសម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ដោយ​កម្ពុជា​ជា​អ្នក​ឈ្នះ​ក្តី៖
  1. សារណា​របស់​កម្ពុជា​ចុះ​ថ្ងៃ​ទី ២០ ខែ មករា ឆ្នាំ​ ១៩៦០ (បារាំង)
  2. សារណា​តប​របស់​ថៃ​ ចុះ​ថ្ងៃ​ទី​ ២៩ ខែ​ កញ្ញា ឆ្នាំ ១៩៦១ (អង់​គ្លេស)
  3. ការ​ឆ្លើយ​តប​របស់​កម្ពុជា ចុះ​ថ្ងៃទី ២៩ ខែ​ វិច្ឆិកា ឆ្នាំ ១៩៦១ (បារាំង)
  4. ទឡ្ហីករ​ណ៍​បន្ថែម​របស់ថៃ​ ចុះ​ថ្ងៃទី ២ ខែ​ កុម្ភះ ឆ្នាំ ១៩៦២ (អង់​គ្លេស)
  5. ឯកសារ​ដាក់​ទៅ​តុលាការ​បន្ទាប់​ពី​បិទ​​ការ​តទល់​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ថ្ងៃទី ១២ ខែ​ ធ្នូ ឆ្នាំ ១៩៦១ ដល់​ថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ១៩៦២ (អង់​គ្លេស)
  6. កំណត់​ហេតុ​នៃ​សវនាការ​សាធារណៈ​ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​ ឡា​អេ ពីថ្ងៃទី ១-៣១ ខែ​ មីនា ឆ្នាំ​ ១៩៦២ និង​ថ្ងៃ​ទី ១៥ ខែ​ មិថុនា ឆ្នាំ ១៩៦២ ដែល​ដឹកនាំ​ដោយ​ចៅក្រម M. Winiarski (អង់​គ្លេស)
  7. សាលដីកា​របស់​តុលាការយុត្តិធម៌អន្តរជាតិ​ចុះ​ថ្ងៃ​ទី ១៥ ខែ មិថុនា ឆ្នាំ ១៩៦២ ដែល​ប្រកាស​ដោយ​សម្លេង ទល់​នឹង​ ៣ សម្លេង​ ថាប្រាសាទ​​ព្រះ​វិហារ​ស្ថិត​ក្នុងទឹក​ដី​​ក្រោម​អធិបតេយ្យ​ភាព​របស់​កម្ពុជា និង​ឲ្យ​កង​កម្លាំង​យោធា​ នគរបាល​ និង​អ្នកការពារនានារបស់​ថៃ​ត្រូវ​ដក​ទ័ព​ចេញ​ពី​ប្រាសាទ​ព្រះវិហារ និង​បរិវេណ​ជុំ​វិញ​ប្រាសាទ​ដែលស្ថិត​ក្នុង​ទឹក​ដីរបស់​​កម្ពុជា។ ដោយ​ ៧ សម្លេង​ ទល់​នឹង ៥ សម្លេង តុលាការ​បាន​ប្រកាស​ឲ្យ​ថៃ​​ត្រូវ​ប្រគល់​ជូន​នូវ​វត្ថុបុរាណ​ដែល​ខ្លួន​បាន​យក​ពេល​តាំង​យោធានៅ​ទី​នោះ។  (អង់​គ្លេស ឬ​សង្ខេប​ជា​ភាសា​អង់​គ្លេស)
  8. សេចក្តី​ប្រកាស​របស់​ចៅ​ក្រម​មួយ​ចំនួន​ពាក់​ព័ន្ធ​នឹង​សាលដីកា​ខាង​លើ

ឯកសារ​ផ្សេងទៀត
  1. ឯកសារ​ទំនាក់​ទំនង​​ពី​ថ្ងៃ​ទី​ ៦ ខែ តុលា​ ឆ្នាំ ១៩៥៩ ដល់​ ថ្ងៃ​ទី ៤ ខែ កក្កដា ឆ្នាំ​ ១៩៦២ (អង់​គ្លេស)
  2. បញ្ជា​របស់​តុលាការយុត្តិធម៌​អន្តរជាតិ៖
  • បញ្ជា​ចុះ​ថ្ងៃ​ទី ៥ ខែ​ ធ្នូ ឆ្នាំ ១៩៥៩ កំណត់​ពី​កាល​បរិច្ឆទ​កំណត់​សម្រាប់​ការដាក់​សារណា និង​សារណា​តប (អង់​គ្លេស)​​
  • បញ្ជា​ចុះ​ថ្ងៃ​ទី ១០ ខែ​ មិថុនា​ ឆ្នាំ ១៩៦០ ស្តីពី​​កាល​បរិច្ឆេទ​កំណត់​សម្រាប់​​ការ​ជំទាស់​នឹង​សមត្ថកិច្ច​របស់​តុលាការ​ (អង់​គ្លេស)
  • បញ្ជា​ចុះ​ថ្ងៃទី ២៦ ខែ​ មិថុនា ឆ្នាំ ១៩៦១ ស្តីពី​កាល​បរិច្ឆេទ​កំណត់​សម្រាប់​ការ​ដាក់​សារណា​តប ការ​ឆ្លើយ​តប និង​ការ​បន្ថែម​ (អង់​គ្លេស)
ព័ត៌មាន​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​

ព័ត៌មាន​ជា​ច្រើន​ត្រូវ​បាន​ផ្សព្វផ្សាយ​ទាក់​ទង​នឹង​រឿង​ក្តីប្រាសាទ​ព្រះ​វិហារ​តាំង​ពី​ការ​ដាក់​ពាក់​បណ្តឹង​របស់​កម្ពុជា រហូត​ដល់​​ការ​ប្រកាស់​សាល​ដីកា​របស់​តុលាការ​យុត្តិធម៌អន្តរជាតិ​​នៅ​ថ្ងៃ​ទី ១៥ ខែ​ មិថុនា ឆ្នាំ ១៩៦២ (អានបន្ត)

ស្ថាន​ភាព​ក្រោយ​​ការ​ប្រកាស​សាលដីកា​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ

បន្ទាប់​ពី​តុលាការ​ប្រកាស​ថា​ខ្លួន​មាន​សមត្ថកិច្ច​លើ​រឿង​ក្តី​ប្រាសាទ​ព្រះ​វិហារ ទំនាក់​ទំនង​​រវាង​ក្រុង​ភ្នំ​ពេញ និង​បាង​កក​មាន​សភាពធ្លាក់​ចុះដោយ​ការ​ហៅ​មក​វិញ​នូវ​​តំណាង​ទូត​របស់​ខ្លួន​នៅ​ខែ​តុលា ឆ្នាំ​១៩៦១។ ទំនាក់​ទំនង​នេះ​កាន់​តែ​ធ្លាក់​ចុះ​នៅ​ពេល​ដែល​ថៃ​​បដិសេធ​ការ​អនុវត្ត​សាល​ដីកា​លើ​អង្គ​សេចក្តី​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​។
តាម​ការ​ស្រាវជ្រាវ​របស់​លោកសាស្ត្រាចារ្យ​ Jean-Pierre Cot រដ្ឋា​ភិបាលថៃ​​បាន​បដិសេធ​សាល​ដីកា​នោះ​ ហើយ​បាន​ធ្វើ​ពហិកា​មិន​ចូលរួម​កិច្ច​ប្រជុំ​របស់​អង្គការ​សន្ធិសញ្ញា​អាស៊ី​អាគ្នេយ៍ (SEATO) ដោយ​បានចោទ​ប្រកាន់​ថា​សហរដ្ឋ​អាមេរិក​បាន​គាំ​ទ្រ​កម្ពុជា​តាម​រយៈ​លោក​ Dean Ancheson ហើយ​បាន​គម្រាម​ហៅ​មក​វិញ​ទូត​របស់​ខ្លួន​នៅ​ប៉ារីស​ដោយ​សារ​វត្តមាន​របស់​លោក​សាស្ត្រាចារ្យ Pinto និង Reuter ដែល​នៅ​ខាង​កម្ពុជា និង​បាន​បញ្ឈប់​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ប៉ូឡូញ​​ដោយ​សារ​វត្ត​មាន​របស់​ប្រធាន​ចៅក្រម Winiarski ដែល​ដឹក​នាំ​សវនាការ​។
ដោយ​មាន​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​  និង​បន្ទាប់​ពី​បាន​ស្នើ​ថា​នឹង​ប្តឹង​ឧទ្ធរណ៍​សេចក្តីសម្រេច​របស់​តុលាការ​ ទៅ​យុត្តាធិការ​ផ្សេងទៀត ថៃ​ (ដោយ​លោក Sarit Thanarat) ​បានប្រកាស​ដោយ​ទឹក​ភ្នែក​ថា​​គោរព​តាម​សាលដីកា​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ។ កម្ពុជា​បាន​កាន់​កាប់​ឡើងវីញ​ប្រាសាទ​ព្រះ​វិហារ​នៅ​ថ្ងៃ​ទី ៥ ខែ​ មករា ឆ្នាំ​ ១៩៦៣។

    No comments:

    Post a Comment