Saturday, May 6, 2017

នីតិសន្តតិកម្ម​ (Succession Law/Droit de la Succession)


​សន្តតិកម្ម​​គឺ​ជា​ការ​ផ្ទេរ​នូវ​បេតិកភណ្ឌ សិទ្ធិ​និង​ករណីយកិច្ច ទ្រព្យ​សម្បត្តិ និង​បំណុល។ ប៉ុន្តែ​ដូច​យើង​ឃើញ​ដើម​ហើយ​សិទ្ធិ​និង​កាតព្វកិច្ច​ណា​ដែល​មាន​លក្ខណៈ​ផ្តាច់​មុខ ​គឺ​មិន​អាច​ជា​កម្មវត្ថុ​នៃ​សន្តតិកម្ម​​បាន​ឡើយ។ ជាក់​ស្តែង​សិទ្ធិ​ទាំង​ឡាយ​ដែល​ទាក់​ទង​នឹង​ជរាភាព​ឬ​ជីវិត​នៃ​មតកជន​ ​​មិន​អាច​បន្ត​តាម​​សន្តតិកម្ម​បាន​ទេ ដូចជា​​​ប្រាក់​សោធន​និវត្ត​ និង​ផលុបភោគ​[2]ជា​ដើម។ ដូច​គ្នា​នេះ​ដែរ ចំពោះ​ទ្រព្យ​សម្បត្តិ​​ទាំង​ឡាយ​ណា​ដែល​ត្រុវ​បាន​ចាត់ទុក​ជា​រតន​សម្បត្តិ​របស់​គ្រួសារ ​ចេតិយ ឬ​វត្ថុ​សម្រាប់​ជំនឿសាសនា​ជា​ដើម​​មិន​ស្ថិត​នៅ​ក្រោម​វិធាន​ឬ​បទប្បញ្ញត្តិ​ទូទៅ​​នៃ​ការ​ផ្ទេរ​សន្តតិកម្ម​នោះទេ ដោយ​ហេតុ​ថា​ទ្រព្យ​សម្បត្តិ​ ឬ​វត្ថុ​​ទាំង​នេះ បាន​លក្ខណៈ​ពិសេស​​របស់​ខ្លួន។ ហេតុ​នេះ ការ​បែង​ចែក​របស់​ទាំង​នេះ​តាម​សន្តតិកម្ម​អាច​ផ្អែក​លើ​​ការ​ពិចារណា​ថា​តើ​បុគ្គល​នោះ​មាន​ចំណង​ភ្ជាប់​ខ្លាំង​ជាមួយ​នឹង​ទ្រព្យ​នោះ ឬ​មាន​លក្ខណៈសម្បត្តិ​និង​គុណវុឌ្ឍិ​​ល្អ​ជា​ងគេ​ ក្នុង​ការ​ទទួល​ទ្រព្យ​ទាំង​នេះ។ ជាក់​ស្តែង​ក្រម​រដ្ឋប្បវេណី​ឆ្នាំ ២០០៧ បាន​បញ្ជាក់​ថា “ចំពោះកម្មសិទ្ធិលើវត្ថុសម្រាប់ជំនឿសាសនា និង ចេតិយ ឬ ចលនវត្ថុដែលជារតនសម្បត្តិគ្រួសារនៃបុព្វជន បើមានជនដែលត្រូវទទួលបន្តកម្មសិទ្ធិ​ទាំងនោះ ដូចជាជនដែលត្រូវដឹកនាំពិធីបុណ្យនៃបុព្វជន ដោយ​យោង​តាម​ការកំណត់របស់មតកជន ជននោះត្រូវទទួលបន្ត ។ បើមតកជនពុំបានកំណត់ទេ ជន​ដែល​ត្រូវ​ដឹកនាំ​​ពិធីបុណ្យនៃបុព្វជនត្រូវទទួលបន្តនូវកម្មសិទ្ធិ​ទាំងនោះ ដោយយោងតាមទំនៀមទម្លាប់​ ។ ប្រសិនបើ​ទំនៀម​ទម្លាប់​មិនច្បាស់លាស់ទេ តុលាការត្រូវកំណត់ជនដែលត្រូវទទួលបន្តនោះ[3]។​





[1] សេចក្តីលម្អិត​នៃ​ការ​វិវត្ត និង​​សិទ្ធិ​របស់​សហព័ទ្ធ​លើ​សន្តតិកម្ម​នឹង​ត្រូវ​បាន​សិក្សា​លម្អិត​នៅមេរៀន​ខាង​មុខ។​
[2] មាត្រា ២៦០ នៃ​ក្រម​រដ្ឋប្បវេណី​បាន​បញ្ញត្ត​ថា​ (...) ប្រសិន​បើ​មិន​បាន​កំណត់​អំឡុង​ពេល​ដែល​ផលុបភោគ​មាន​អាត្ថិ​ភាព​ទេ ផលុបភោគនោះ​ ត្រូវ​បាន​ចាត់​ទុក​ថា​មាន​អត្ថិភាព​រហូត​ដល់​ពេល​ផលុបភោគីទទួល​មរណភាព។ សូម​អាន​មាត្រា ២៦៨ នៃ​ក្រម​ដដែល​នេះ​ផងដែរ។​
[3] មាត្រា ១១៤៧.- ការទទួលបន្តនូវមត៌ក នៃ​ក្រម​រដ្ឋប្បវេណី។ ជាមួយ​គ្នា​នេះ យើង​នៅ​មាន​ចំណុច​មួយ​ចំនួន​ដែល​នៅ​ចោទ​សួរ​នៅ​ឡើយ​ទាក់​ទង​នឹង​សន្តតិកម្ម​លើ​សិទ្ធិ​អ្នក​និពន្ធ​និង​សិទ្ធិ​ប្រហាក់​ប្រហែល អតិថិតា ។ល។​

អាចទាញយកមេរៀន​ទាំង​ស្រុង​/Download/Télécharger (ខ្មែរ/Khmer)

Sunday, June 12, 2016

នីតិក្រុមហ៊ុន៖ ការ​បង្កើត​ក្រុមហ៊ុន​ជា​មួយ​តោ (Droit des sociétés: Clause léonine)

ផល​ចំណេញ ​ដែល​ក្រុមហ៊ុន​សម្រេច​បាន​ប្រចាំឆ្នាំនិមួយៗ ត្រូវ​ជាប់​ពន្ធ​លើ​ប្រាក់​ចំណេញ។ បន្ទាប់​ពី​បង់​ពន្ធ​លើ​ប្រាក់​ចំណេញ​នេះ​រួចរាល់​ហើយ​​ ក្រុមហ៊ុន​អាច​កំណត់​អំពី​ការ​ចាត់​ចែង​លើ​ប្រាក់​ចំណេញសុទ្ធនេះ តាម​រយៈការ​វិនិយោគ​បន្ត, ការ​ដាក់​ជា​ប្រាក់​បម្រុង,​ និង/ឬ បែង​ចែក​ប្រាក់​ចំណេញ​ដល់​សមាជិកក្រុមហ៊ុន (ភាគហ៊ុនិក) ដែល​ហៅថា​ ភាគលាភ (Dividend)។ ភាគលាភ​អាច​ជា​សាច់​ប្រាក់ ឬ​ជា​វត្ថុ ដូចជា​ភាគហ៊ុន​បន្ថែម ឬ​ក៏​ទំនិញ​ណាមួយ។

វិធីសាស្ត្រ​នៃ​ការ​បែងចែក​ប្រាក់​ចំណេញ​
ក្នុងការបែងចែក​ប្រាក់​ចំណេញ​ ដល់​សមាជិក​​នេះអាច​ធ្វើ​ឡើង​តាម​បីរូបភាពធំៗ​គឺ
v  ការបែងចែក​តាម​សមាមាត្រ៖ ប្រសិន​បើ​​លក្ខន្តិកៈក្រុមហ៊ុន​មិន​បានកំណត់​​ដោយ​ឡែកទេ នោះ​ការ​បែងចែក​នេះ គឺ​ត្រូវ​ធ្វើ​ទៅ​តាម​សមាមាត្រ​នៃ​ភាគទុន ដែលសមាជិក​
ក្រុមហ៊ុន​បាន​ចូលរួម​ក្នុង​ក្រុមហ៊ុននេះ។ មានន័យ​ថា អ្នក​ចូលភាគទុន​តិច​ បានចំណេញ​ទិញ អ្នក​ចូលច្រើន​ បាន​ចំណេញ​ច្រើន​។
v  ការបែង​ចែក​ដោយ​ស្មើគ្នា៖ សម្រាប់
​ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ មាត្រា​ ២៤ នៃ​ច្បាប់​ស្តីពី​សហគ្រាសពាណិជ្ជកម្ម ឆ្នាំ ២០០៥ បាន​កំណត់​ថា​ សមាមាត្រ​នៃ​ផល​ប្រយោជន៍​របស់​សហកម្មសិទ្ធិ​ករ​ទូទៅ​ម្នាក់ៗ​នៅ​ក្នុង​ទ្រព្យ​សម្បត្តិ ប្រាក់​ចំណេញ​ និង​ការ​ខាតបង់​គឺ​ស្មើគ្នា លើកលែង​តែ​មាន​ចែង​ផ្សេងនៅ​ក្នុង​កិច្ច​សន្យា។
v  ការបែង​ចែក​តាម​លក្ខន្តិកៈ ឬ​កិច្ច​សន្យា​ ៖ ក្រុមហ៊ុន​អាច​ធ្វើការ​កំណត់​ពី​ការ​បែង​ចែក​​​ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន​ទៅ​ដល់​សមាជិក​​ក្រៅ​ពី​គោល​ការណ៍​សមាមាត្រ​បាន អាស្រ័យ​ទៅ​តាម​ការ​ព្រម​ព្រៀង​របស់​សមាជិក។ ការ​ព្រមព្រៀង​នេះ អា​ចកំណត់​នៅ​ក្នុង​លក្ខន្តិកៈ​របស់​ក្រុមហ៊ុន។
ការហាមឃាត់​បែង​ចែកផល​ចំណេញ​​តាម​បែប​តោ

ការ​បែង​ចែក​ផល​ចំណេញ​តាម​បែប​តោ ត្រូវ​បាន​ហាមឃាត់​នៅ​ក្នុង​ក្រុមហ៊ុន។ តើ​អ្វីទៅ​ជា​ការ​បែងចែក​តាម​បែប​តោ? (អានបន្ត)

Sunday, May 17, 2015

លក្ខខណ្ឌទូទៅនៃសន្តតិកម្ម និងសន្តតិកម្មតាមច្បាប់នៅកម្ពុជា (La Succession Ab Intestat au Cambodge/ Statutory Succession in Cambodia)


v  អ្នក​ណា​ខ្លះ​អាច​ក្លាយ​ជា​ទាយាទ ឬ​សន្តតិជន?

v  មត៌ក ឬសន្តតិកម្ម​ ​ត្រូវ​បែង​ចែក​ដូច​មេ្តច​ប្រសិន​បើ​គ្មាន​លិខិត​បណ្តាំ (មតកសាសន៍) របស់​អ្នក​ស្លាប់​ (មតកជន) ?

សេចក្តីផ្តើម

តាម​សទ្ទានុក្រមនៃ​ក្រម​រដ្ឋប្បវេណីចាស់ សន្តតិកម្ម​គឺ​ជា​ការ​បញ្ជូន​តាម​ច្បាប់​នូវ​ទ្រព្យ​​របស់​អ្នក​ស្លាប់​ ទៅ​ឱ្យ​អ្នក​រស់ ឬ​ មត៌ក ឬ​ទ្រព្យ​របស់​ខ្មោច​ដែល​ត្រូវ​បាន​ទៅទាយាទ។ មាត្រា ៤៨៦ នៃ​ក្រមចាស់​​នេះ បាន​បញ្ញត្តថា ដែល​ហៅ​ថា​សន្តតិកម្ម​នោះ គឺ​ការ​ផ្ទេរ​នូវ​បេតិកភណ្ឌ​នៃ​បុគ្គល​ណា​ម្នាក់​ដែល​ស្លាប់​ទៅ​ឱ្យ​ជន​ម្នាក់ ឬ​ច្រើន​នាក់​ដែល​ហៅ​ថា​ទាយាទ ឬ​សន្តតិជន។  តាម​ច្បាប់ភូមិបាល​ សន្តតិកម្ម​ត្រូវ​បាន​ឱ្យ​និយមន័យថា ជា​ការ​ផ្ទេរ​តាម​ច្បាប់​នូវ​ទ្រព្យ​របស់​អ្នក​ស្លាប់​អោយ​ទៅ​អ្នក​រស់។ មតិក​ឬ​ទ្រព្យ​របស់​ខ្មោច​ដែល​ត្រូវ​បាន​ទៅ​ទាយាទ​ (អ្នក​បន្ត​មត៌ក)។ តាម​ក្រម​រដ្ឋប្បវេណីថ្មី សន្តតិកម្ម​​គឺ​ជា​ការ​ផ្ទេរ​​នូវ​សិទ្ធិ​ និង​ករណីយកិច្ច​របស់​មតកជន​ទៅ​ឱ្យ​សន្តតិជន​​ម្នាក់​ ឬ​ច្រើន​នាក់​តាម​ឆន្ទៈ ឬ​តាម​ច្បាប់។

និយម​ន័យ​តាម​ច្បាប់​ទាំង​នេះ ផ្តោត​ជា​សំខាន់​ទៅ​លើ​ការ​ផ្ទេរ​ទ្រព្យ​ សិទ្ធិ​ និង​ករណីយកិច្ច។ ប៉ុន្តែ​តាម​ពិត​​ពាក្យ​សន្តតិកម្ម​នេះ​មាន​ន័យ​ទូលំ​ទូលាយ​ជាង​នេះ។ សន្តតិជន ឬ​ទាយាទ ​ទទួល​បាន​មិន​ត្រឹម​តែ​ទ្រព្យ​ សិទិ្ធ​ និង​ករណីយ-​កិច្ច​​ប៉ុណ្ណោះទេ ថែម​ទាំង​ទទួល​បាន​នូវ​អត្ថប្រយោជន៍​​បន្ថែម​មួយ​ចំនួន​ទៀតពី​មតកជន (អ្នក​ស្លាប់)។ មត៌ក​ទាំង​នោះ​​ក៏​អាច​ជា​​មុខរបរ  អំណាច​សេដ្ឋកិច្ច (ការ​ដឹកនាំ​ក្រុមហ៊ុន) អំណាច​​វប្បធម៌ និង ​អំណាច​នយោបាយ​ជាដើម។ ជាមួយ​នេះ ក៏​មានសន្តតិកម្ម​ក្រៅ​បេតិកភណ្ឌ ដូចជា នាម​ត្រកូល សញ្ជាតិ និង​​សិទិ្ធ​សីលធម៌​របស់​អ្នកនិពន្ធ។ ប៉ុន្តែ​ ​ សេចក្តីស្រលាញ់​​ដែល​មតកជន​បន្សល់​ទុក​ដល់​កូន គឺ​ជា​មត៌ក​ដែល​​មិន​អាច​កាត់​ថ្លៃ​បាន​ឡើយ ហើយ​មាន​តម្លៃ​ខ្ពស់​ជា​បេតិកភណ្ឌ​ដែល​មតកជន​បន្សល់​ទុក​ឱ្យ​កូន​ទៅ​ទៀត​។​


សាវតា៖ការ​បែង​ចែក​មត៌ក​ ត្រូវ​បាន​បញ្ញត្ត​ក្នុង​ប្រព័ន្ធច្បាប់​របស់​កម្ពុជា​ជា​យូរ​មក​ហើយ​ ដូចជា​ក្រំមមរដក់ ដែល​​មាន​​តាំង​ពី​មុនសម័យ​​អាណាព្យាបាល​បារាំង​ មក​ម្ល៉េះ។ ក្រោយ​មក​យើង​មាន​ក្រមរដ្ឋប្បវេណីចាស់​ (១៩២០) ច្បាប់​ភូមិ​បាល ក្រម​រដ្ឋប្បវេណីថ្មី (២០០៧) និង​​ច្បាប់​ស្តីពី​ការ​អនុវត្ត​ក្រម​រដ្ឋប្បវេណី​ជា​ដើម។ ហេតុនេះ នា​ពេល​បច្ចុប្បន្ន​​វិធាន​ច្បាប់​ចម្បង​ទាក់​ទង​នឹង​សន្តតិកម្ម ឬ​មត៌ក ត្រូវ​បាន​បញ្ញត្តិ​នៅ​ក្នុង​ក្រម​រដ្ឋប្បវេណីឆ្នាំ២០០៧។

(ក្រំមមរដក់)

សន្តតិកម្ម ត្រូវធ្វើឡើងដោយផែ្អកតាមបញ្ញត្តិនៃច្បាប់ឬដោយផែ្អកតាមឆន្ទៈរបស់មតកជន។ សន្តតិកម្ម​ដោយផែ្អកតាមបញ្ញត្តិនៃច្បាប់ (ករណី​អ្នក​ស្លាប់​មិន​បាន​ធ្វើ​លិខិត​បណ្តាំ) ហៅថា សន្តតិកម្មតាមច្បាប់ រីឯ​សន្តតិកម្មដោយផែ្អកតាមឆន្ទៈ (ករណី​មាន​លិខិត​បណ្តាំ) របស់មតកជន ហៅថា សន្តតិកម្មមានបណ្តាំ[1]។ ក្នុង​ក្របខ័ណ្ឌ​នេះ យើង​លើក​យក ​តែ​ការ​បែង​ចែក​សន្តតិកម្ម​តាម​ច្បាប់​តែ​ប៉ុណ្ណោះ​។ ករណី​គ្មាន​លិខិត​បណ្តាំ​ តើ​មត៌ក​ត្រូវ​បែង​ចែក​ដូច​ម្តេច?​

អាន​បន្ត (ភាសាខ្មែរ)

[1] មាត្រា ១១៤៥ នៃក្រមរដ្ឋប្បវេណី។


Tuesday, April 21, 2015

ប្រភេទអាជីវកម្មនៅកម្ពុជា (Form of Commercial Enterprises in Cambodia/ Formes des entreprises commerciales au Cambodge)


ជម្រើស​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​៖

តើ​ប្រភេទ​ក្រុមហ៊ុន​ឬ​សហគ្រាស​អ្វី​សម​ស្រប​សម្រាប់​អ្នក?

យោង​តាម​មាត្រា១​ នៃ​ច្បាប់​ស្តីពី​វិធាន​ពាណិជ្ជកម្ម និង​បញ្ជី​​ពាណិជ្ជកម្ម ពាណិជ្ជករ គឺ​ជារូបវន្ត​បុគ្គល ឬ នីតិបុគ្គលដែលធ្វើពាណិជ្ជកិច្ចហើយដែលយកពាណិជ្ជ​កិច្ច​​ធ្វើ​ជាមុខ​របរ​របស់​ខ្លួនជាប្រចាំ។ តាម​ន័័យ​នេះ ពាណិជ្ជករ​អាច​ជា​រូបវន្ត​បុគ្គល​ ឬ​ជា​នីតិបុគ្គល។

តាម​ក្រម​រដ្ឋប្បវេណី រូបវន្តបុគ្គល ទទួលសិទ្ធិ និង​មាន​លក្ខណៈសម្បត្តិអាចក្លាយជាប្រធាននៃសិទ្ធិ និង​កាតព្វកិច្ច

បាន។ ដើម្បី​ក្លាយ​ជា​ពាណិជ្ជករ រូបវន្ត​បុគ្គល​ត្រូវ​មាន​សមត្ថភាព​ពេញលេញ​ ដោយ​មិន​ត្រូវ​ជាប់​គំហាត់​ពាណិជ្ជកម្ម ឬ​វិសមិត​ភាព​ការ​ងារ​ឡើយ។ អនីតិជន​ (ជន​ដែល​មាន​អាយុ​ក្រោម ១៨ ឆ្នាំ) មិន​អាច​ក្លាយ​ជា​ពាណិជ្ជករ​ឡើយលើកលែង​តែ​អនីតិជន​នោះ​រួច​ផុតពីអាណា​ព្យា​បាល។


តាម​ច្បាប់​ស្តីពី​សហគ្រាស​ពាណិជ្ជកម្ម ពាណិជ្ជករ​ជានីតិបុគ្គល​ សំដៅ​លើ​សហគ្រាស​ពាណិជ្ជកម្ម​ដែល​ត្រូវ បាន​បែង​ចែក​ជា​ពីរប្រភេទ​គឺ៖
  • ក្រុមហ៊ុន​សហកម្មសិទ្ធិ (Partnership) ដែល​ត្រូវ​បាន​បែង​ចែក​ជា​ពីរ​ប្រភេទ​ទៀត​គឺ៖ សហកម្ម​សិទ្ធិ​​ទូទៅ (General Partnership) និង​សហ-កម្មសិទ្ធិ​មាន​កម្រិត (Limited Partnership)
  • ក្រុមហ៊ុន​មូលធន (Company) ដែល​មាន​ពីរ​ប្រភេទ​ធំៗគឺ ក្រុមហ៊ុន​មហាជន​ទទួល​ខុសត្រូវ​មាន​កម្រិត (Public Limited Company) និង​ក្រុមហ៊ុន​ឯកជន​ទទួល​ខុសត្រូវ​មាន​កម្រិត (Private Limited Company)។ ក្នុង​ករណី​ក្រុមហ៊ុន​ឯកជន​ទទួល​ខុសត្រូវ​មាន​កម្រិត​ មាន​សមាជិកឬ​ភាគហ៊ុនិ​ក​តែ​មួយរូប នោះ​យើង​ហៅថា សហគ្រាស​ឯកបុគ្គល​ទទួល​ខុសត្រូវ​មាន​កម្រិត​ (Single-member Private Limited Company)

Monday, April 7, 2014

យន្តការដោះស្រាយវិវាទពាណិជ្ជកម្ម (Commercial Dispute Resolution in Cambodia/ Le règlement des litiges commerciaux au Cambodge)

តាម​នីតិ​រួម ឬ​នីតិ​សាមញ្ញ​ សាលា​ដំបូង​មាន​សមត្ថកិច្ច​ដោះ​ស្រាយ​លើ​វិវាទ​ទាំង​ឡាយ​ណា ​ដែល​កើត​មាន​នៅ​ក្នុង​រង្វង់​សមត្ថកិច្ច​របស់​ខ្លួន។ យ៉ាង​ណា​ម៉ិញ វិស័យ​ពាណិជ្ជកម្ម ទាម​ទារ​នូវ​យន្តការ​នៃ​ការ​ដោះ​ស្រាយ​វិវាទ​មួយ ដែល​មាន​លក្ខណៈ​ពិសេស​ពី​ការ​ដោះ​ស្រាយវិវាទ​ផ្សេង​​ទៀត​ ដូច​ជា​វិវាទ​រដ្ឋប្បវេណី ព្រហ្មទណ្ឌ ឬ​វិវាទ​រដ្ឋបាល​ជា​ដើម។ តម្រូវ​ការ​នេះ​ត្រូវ​បាន​អនុម័ត​ និង​ប្រើ​ប្រាស់​នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន​លើ​សាកលលោក​ដូច​ជា​​បារាំង និង​ថៃ​ ជាដើម តាម​រយៈ​ការ​​បង្កើត​នូវ​​តុលាការ​​​ពិសេស​សម្រាប់​រឿង​ពាណិជ្ជកម្ម​។ ក្នុង​ក្របខណ្ឌ​នេះ កម្ពុជា​កំពុង​ធ្វើ​ការ​សិក្សា​ពី​ការ​រៀបចំ​សេចក្តីព្រាង​ច្បាប់​សម្រាប់​ការ​បង្កើត​ឡើង​នូវ​តុលាការ​ដែល​នឹង​ទទួល​បន្ទុក​ដោះស្រាយ​​វិវាទ​ពាណិជ្ជកម្ម។   
ទន្ទឹម​នឹង​ការ​ដោះ​ស្រាយ​វិវាទ​តាម​ស្ថាប័ន​តុលាការ ពាណិជ្ជករ​ក៏​ចូល​ចិត្ត​ប្រើ​ប្រាស់​យន្តការ​ដោះ​ស្រាយ​វិវាទ​តាម​ប្រព័ន្ធ​ក្រៅ​តុលាការ​ផង​ដែរ ដូច​ជា​ការ​ចរចា​ទ្វេភាគី ការ​សម្រប​សម្រួល សន្ធានកម្ម និង​តាម​មជ្ឈត្តការ​ផ្នែក​ពាណិជ្ជកម្ម​ជា​ដើម។​


ជំពូក១ យន្តការ​ដោះ​ស្រាយ​​វិវាទ​តាម​ស្ថាប័ន​តុលាការ​​ (Judicial Dispute Resolution)

ជំពូក២ យន្តការ​ដោះ​ស្រាយ​​ក្រៅ​ប្រព័ន្ធ​​តុលាការ​​ (Alternative Disputes Resolution)

Saturday, March 29, 2014

ការស្វែងយល់ពីការលែងលះ៖ សិក្សាប្រៀបធៀបច្បាប់ស្តីពីអាពាហ៍ពិពាហ៍និងគ្រួសារ និងក្រមរដ្ឋប្បវេណី (Divorce: Comparative Study of Law on Marriage and Family and Civil Code/ Le divorce: l'étude comparartive entre la Loi sur le Mariage et la Famille et le Code civil)

អាពាហ៍​​ពិពាហ៍​មិន​មែន​​ត្រឹម​ជា​ការ​បំពេញ​តួនាទីតាម​ក្រឹត្យ​ក្រមច្បាប់​ និង​បទប្ប​ញ្ញត្តិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏តាម​ក្រឹត្យ​ក្រមធម្មជាតិ​ដែរ​។ គួរ​បញ្ជាក់​ផង​ដែរ​ថា​ បុរស​ និង​ស្រី្តមានសេរីភាព​ពេញ​លេញ ​ក្នុង​ការជ្រើស​រើស​គូស្រករ​ក្នុង​គោលដៅ​កសាង​គ្រួសារ រួម​រស់​សុខទុក្ខ​នឹង​គ្នា និង​ជាមួយ​កូន​ចៅ​របស់​ខ្លួន។ ប៉ុន្តែ​ចំណង​អាពាហ៍ពិពាហ៍​មួយ​ចំនួន​បែរ​ជា​ជួប​បញ្ហា​ល្អក់​កករ​ដោយ​សារ​ ការ​រស់​នៅ​មិន​ចុះ​សម្រុង​នឹង​គ្នា​ ដោយ​សារ​ហេតុផលច្រើន​យ៉ាង​ដូចជា​ទស្សនទាន​ខ្វែងគំនិត​គ្នា ការ​ប្រើ​ប្រាស់​ហឹង្សា ការ​ជេរប្រមាថ​ជាដើម ដែល​អាចឈានទៅរក​ការ​ចែក​ផ្លូវគ្នា​តាម​រយៈការ​លែងលះ។ ការលែង​លះ​គឺ​ជា​ការ​ផ្តាច់​ចំណង​អាពាហ៍ពិពាហ៍​របស់​ប្តី​ប្រពន្ធ​ដែល​បាន​រៀប​ការ​ពេញច្បាប់ ក្នុង​ពេល​រស់​នៅ​ទាំងពីរនាក់។ (អាន​បន្ត)

Thursday, September 5, 2013

វិធីសាស្ត្រ​នៃ​ការ​ស្រាវជ្រាវ (សម្រាប់​និស្សិត​ឆ្នាំ​ទី៤) (Legal Research Method/ Méthodologie de Recherche)

 វិធីសាស្ត្រ​នៃ​ការ​ស្រាវជ្រាវ​ មាន​ភាព​ចាំបាច់​ណាស់​សម្រាប់​និស្សិត​ក្នុង​ការ​ស្វែង​យល់​ពី​គន្លឹះនៃ​ការ ​សរសេរសារណា​បញ្ចប់​ការ​សិក្សា​របស់​ខ្លួន។ វិធីសាស្ត្រ​នៃ​ការ​ស្រាវជ្រាវ​នេះ បកស្រាយ​តាំង​ពី​ដំណាក់​កាល​នៃ​ការ​ជ្រើស​រើស​ប្រធាន​បទសារណា ការ​ស្រាវជ្រាវ​រក​ឯកសារ ការ​តាក់តែង​ប្លង់ និង​ការ​តាក់​តែង​សារណា​ទាំង​មូល រហូត​ដល់​ឥរិយាបថ​ដែល​ត្រូវ​ប្រព្រឹត្ត​នៅថ្ងៃ​ការ​ពារសារណា។  (ទាញយក)

Monday, May 13, 2013

បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​អាពាហ៍​ពិពាហ៍​និង​គ្រួសារ​ដែល​នៅ​ជា​ធរមាន​បន្ទាប់​ពីការ​អនុវត្ត​ក្រម​រដ្ឋ​ប្បវេណី (Law on Marriage and Family is mostly repealed by Civil Code/Le mariage à l'étranger et Le mariage avec un étranger)


ដូច​គ្នា​នឹង​ករណី​ក្រឹត្យ-ច្បាប់​លេខ ៣៨ ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ​១៩៨៨ ស្តីពី "កិច្ច​សន្យា និង​ការទទួល​ខុសត្រូវ​ក្រៅ​កិច្ច​សន្យា" ដែល​ត្រូវ​បាន​និរាករណ៍​មួយ​ផ្នែក​ធំ​ដោយ​ក្រម​រដ្ឋប្បវេណី និង​ច្បាប់​ស្តីពី​ការអនុវត្ត​ក្រម​រដ្ឋប្បវេណីនោះ យើង​សង្កេត​ឃើ​ញថា​ ច្បាប់​ស្តីពីអាពាហ៍ពិពិពាហ៍​ និង​គ្រួសារ​  ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ​១៩៨៩ ក៏ត្រូវ​បាន​និរាករណ៍​មួយផ្នែកធំដែរ។

មាត្រា​ ៧៨ នៃ​ច្បាប់​ស្តីពីការ​អនុវត្ត​ក្រម​រដ្ឋប្បវេណី បាន​បញ្ញត្ត​ថា "ច្បាប់​ស្តីពី​អាពាហ៍ពិពាហ៍ និង​គ្រួសារ​ ត្រូវ​បាត់​បង់​អានុភាព​ចាប់​ពីកាលបរិច្ឆេទ​នៃ​ការ​អនុវត្ត​ លើ​កលែង​តែ​បញ្ញត្តិ​នៃ​មាត្រា ៧៦ មាត្រា ៧៧ និង​បញ្ញត្តិ​ពីមាត្រា៧៩ ដល់​មាត្រា៨១ នៃ​ច្បាប់​នោះ​នៅ​តែ​មាន​អានុភាព​នៅក្រោយ​កាលបរិច្ឆទ​នៃ​ការ​អនុវត្ត​រហូត​ដល់​ពេល​ដែល​កំណត់​ផ្សេងដោយ​ច្បាប់"។

តាមន័យ​នេះ ចាប់​ពី​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១១ រាជរដ្ឋាភិបាលកម្ពុជា​ប្រកាស​ឲ្យអនុវត្ត​​ក្រម​រដ្ឋប្បវេណី និង​ច្បាប់​ស្តីពី​ការ​អនុវត្ត​ក្រម​រដ្ឋ​ប្បវេណី​រួម​មក បទប្បញ្ញត្តិ​នៃច្បាប់​ស្តីពីអាពាហ៍ពិពិពាហ៍​ និង​គ្រួសារ​ ដែល​នៅ​ជាធរមាន​នោះ​គឺ​មាន​តែ​មាត្រា ៧៦ មាត្រា ៧៧ (អាហារកិច្ច​បន្ទាប់​ពីលែងលះ) និង​បញ្ញត្តិ​ពីមាត្រា៧៩ ដល់​មាត្រា៨១ ប៉ុណ្ណោះ (អាពាហ៍ពិពាហ៍​នៅ​បរទេស ឬ​ជាមួយ​ជន​បរទេស)៖



មាត្រា ៧៦៖
ក្នុងករណីលែងលះគ្នា ភាគី​ដែលគ្មាន​កំហុស​ ហើយ​ខ្វះខាត​ អាច​ស្នើ​សុំ​អាហារកិច្ច​ពីភាគី​ម្ខាង​ទៀត​បាន។​ ភាគីខាងក្រោយ​នេះ​ត្រូវ​តែ​ជួ​យឧបត្ថម្ភ​ទៅតាមលទ្ធភាព​របស់​ខ្លួន។

កំរិតអាហារកិច្ច​ត្រូវ​សំរេច​តាម​ការ​យល់​ព្រម​របស់​គូភាគី​ទំាង​សង​ខាង។
ក្នុង​ករណី​ដែល​គូភាគីទាំង​សង​ខាង​មិន​ឯកភាព​គ្នា​ តុលាការ​ប្រជាជន​ត្រូវ​សំរេច​សេចក្តី។
បើ​ជន​ដែល​ទទួល​អាហារកិច្ច​រៀបអាពាហ៍ពិពាហ៍​ថ្មី​ទៀត ជននោះឈប់​មាន​សិទ្ធិ​ទទួល​អាហារកិច្ច​ទៀត​ហើយ។​

មាត្រា​ ៧៧៖
តុលារការ​ប្រជាជន​ខេត្តក្រុង អាច​កែប្រែ​ដោយ​បង្កើន​ ឬ​បន្ថយ​កំរិ​ត​អាហារកិច្ច​បាន បើ​មាន​សំណូមពរ​របស់​ភាគី​ម្ខាង។ ការ​បង្កើន​ ឬ​​បន្ថយ​អាហារកិច្ច​នោះ ត្រូវ​ធ្វើ​ឡើង​តាមលទ្ធភាព​ នៃភាគី​ដែល​ផ្តល់​អាហារកិច្ច​ និង​តាម​សេចក្តីត្រូវវ​ការ​នៃ​ភាគី​ដែល​ទទួល​អាហារកិច្ច។
អាហារកិច្ច​អាច​ផ្តល់​ជា​ទឹក​ប្រាក់ ឬ​ជា​របស់។


មាត្រា ៧៩៖
អាពាហ៍ពិពាហ៍​រវាង​ពលរដ្ឋ​កម្ពុជា​និង​ពលរដ្ឋ​កម្ពុជា ឬ​រវាង​ពលរដ្ឋ​កម្ពុជា​ និង​ជន​បរទេស​ដែល​រស់​នៅ​ឯបរទេស​​ត្រូវ​ប្រព្រឹត្ត​នៅ​ចំពោះ​មុខ​មន្ត្រី​អត្រា​នុកូលដ្ឋាន​នៃ​ស្ថានទូត ឬ​ស្ថាន​កុងស៊ុលនៃ​រដ្ឋ​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ដែល​គូភាគី​មាន​ទីលំនៅ។
ក្នុង​ករណី​ដែល​អាពាហ៍​ពិពាហ៍​រវាង​ពល​រដ្ឋ​កម្ពុជា និង​ជន​បរទេសបាន​ប្រព្រឹត្តទៅ​​ត្រឹម​ត្រូវ​តាម​ទំរង់​​នៃ​អាពាហ៍ពិពាហ៍​ដែល​មាន​ចែង​ក្នុង​ច្បាប់​នៃ​កន្លែង​រៀបអាពាហ៍ពិពាហ៍​ អាពាហ៍​ពិពាហ៍​នោះត្រូវ​បាន​ទទួល​ស្គាល់​យក​ជា​បាន​ការ​នៅ​កម្ពុជា​ ប្រសិន​បើ​អាពាហ៍​ពិពាហ៍នោះ​មិន​ផ្ទុយ​នឹង​បទ​ប្បញ្ញត្តិច្បាប់​នៃ​រដ្ឋ​កម្ពុជា​។ ​
លិខិត​បញ្ជាក់​អាពាហ៍​ពិពាហ៍​ ឬ​សេចក្តី​ចម្ល​ង​លិខិត​អាពាហ៍ពិពាហ៍​នេះ ត្រូវ​យក​មក​ចុះ​ក្នុង​បញ្ជី​អាពាហ៍​ពិពាហ៍​នៃ​ស្ថានទូត ឬ​ស្ថា​ន​កុង​ស៊ុល​នៃ​រដ្ឋ​កម្ពុជា​ ឬ​បើ​គូស្វាមី​ភរិយា​មក​តាំង​ទីលំនៅ​ៗ​រដ្ឋ​កម្ជុជា​​ ត្រូវ​យក​មក​ចុះ​ក្នុង​បញ្ជី​អាពាហ៍ពិពាហ៍​នៅឃុំ ឬ​សង្កាត់ ដែល​មក​តាំង​ទីលំនៅ​នោះ។

មាត្រា ៨០៖
អាពាហ៍ពិពាហ៍​រវាង​ពលរដ្ឋកម្ជុជា និង​ជន​បរទេស​នៅ​រដ្ឋ​កម្ជុជា​ត្រូវ​ប្រព្រឹត្តទៅតាម​ច្បាប់​នៃ​រដ្ឋកម្ជុជា។

មាត្រា ៨១៖
ការរំលាយ​អាពាហ៍ពិពាហ៍​ដែល​ធ្វើ​នៅ​ឯបរទេស​រវាង​ពល​រដ្ឋ​កម្ជុជា​ និង​ពលរដ្ឋ​កម្ជុជា​ ឬ​រវាង​ពលរដ្ឋកម្ជុជា​ និង​ជន​បរទេស​ដែល​រស់​នៅ​ឯបរទេស​ ត្រូវ​បាន​ទទួល​ស្គាល់​យក​ជា​ការ​បាន​នៅ​រដ្ឋ​កម្ជុជា។
-    ការ​រំលាយ​អាពាហ៍ពិពាហ៍​រវាង​ពលរដ្ឋ​កម្ពុជា និង​ជន​បរទេស ឬ​ការ​រំលាយ​អាពាហ៍​ពិពាហ៍​រវាង​ជន​បរទេស​នៅរដ្ឋកម្ពុជាត្រូវ​ធ្វើ​តាម​ច្បាប់​នៃ​រដ្ឋ​កម្ពុជា។
-    តុលាការ​ប្រជាជន​នៃ​រដ្ឋកម្ពុជា មាន​សមត្ថកិច្ច​សម្រេច​លើ​បណ្តឹង​សុំ​រំលាយ​អាពាហ៍​ពិពាហ៍​របស់​សហព័ទ្ធណាមួយ​ដែល​ចូល​មក​តាំង​ទី​លំនៅ​ៗ​រដ្ឋកម្ពុជា។

Friday, May 10, 2013

បទប្បញ្ញត្តិ​ក្រឹត្យ-ច្បាប់​លេខ ៣៨ ក្រច​ ដែល​នៅ​ជា​ធរមានបន្ទាប់​ពី​ការ​ដាក់​ឲ្យ​អនុវត្ត​ក្រម​រដ្ឋប្បវេណី (Decree-Law 38 on Contracts and Liabilities is mostly repealed/Le contrat de transport en droit cambodgien)

ក្រឹត្យ-ច្បាប់​លេខ ៣៨ ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ​១៩៨៨ ស្តីពី "កិច្ច​សន្យា និង​ការទទួល​ខុសត្រូវ​ក្រៅ​កិច្ច​សន្យា" ធ្លាប់​ត្រូវ​បាន​ចាត់​ទុកដោយ​អ្នក​ច្បាប់ សាស្រ្តាចារ្យ ក៏​ដូច​ជា​និស្សិត​ថា​ជា​លិខិតូបករណ៍​គតិយុត្តចម្បង និង​ជា​មូលដ្ឋានគ្រឹះ​​នៃ​នីតិ​កាតព្វកិច្ច នីតិកិច្ច​សន្យា ក៏​ដូច​ជា​ការ​ទទួល​ខុស​ត្រូវ​ក្រៅកិច្ច​សន្យា​​ របស់​ប្រទេស​កម្ពុជា។

យ៉ាងណា​ម៉ិញ ​កម្ពុជា​បាន​​ប្រកាស​ឲ្យ​ប្រើ​ក្រម​រដ្ឋ​ប្បវេណី​ នៅ​ថ្ងៃ៨ ខែធ្នូ ឆ្នាំ​២០០៧ ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ក្រម​ដ៏​សំខាន់​មួយ​នៃ​​នីតិ​ឯកជន​ ដោយ​ហេតុ​ថា​ក្រម​រដ្ឋប្បវេណី​នេះ​គឺ​ជា​ច្បាប់​មូលដ្ឋាន ជា​ច្បាប់​សាមញ្ញ​ ឬ​ជា​ច្បាប់​រួម​ដែល​អនុវត្ត​គ្រប់​ទំនាក់ទំនង​គតិយុត្ត​ក្នុង​នីតិឯកជន​លើកលែង​តែ​មាន​ច្បាប់​ពិសេស។ ក្នុង​ក្របខណ្ឌ​នេះ ក្រម​រដ្ឋប្បវេណី​បាន​បញ្ញត្តិ​ពី​វិធាននានាទាក់ទង​នឹង​ ​កាតព្វកិច្ច កិច្ច​សន្យា ក៏​ដូច​ជា​ការ​ទទួល​ខុសត្រូវ​រដ្ឋ​ប្បវេណី​ផងដែរ។ អាស្រ័យ​ហេតុនេះ គេ​អាច​នឹង​មាន​ចម្ងល់ថា​តើ​ក្រឹត្យ-ច្បាប់​លេខ ៣៨ ខាង​លើ​ត្រូវ​បាន​និរាករណ៍​ទាំង​ស្រុង ឬ​យ៉ាងណា។

នៅថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១១ ច្បាប់​ស្តីពី​ការ​អនុវត្ត​ក្រម​រដ្ឋប្បវេណី​ ត្រូវ​បាន​ប្រកាសឲ្យ​ប្រើ ដោយ​បាន​កំណត់កាល​បរិច្ឆេទ​នៃ​ការ​អនុវត្ត​ក្រុម​រដ្ឋប្បវេណី​ ដូច​នឹង​ការអនុវត្ត​នៃ​ច្បាប់​នេះ​ដែរ​ (ក្រោយ​ពេលចូលជា​ធរមាន​នៅទូទាំង​ប្រទេស​ ច្បាប់​នេះ​ត្រូវ​ផ្សព្វផ្សាយ​រយៈពេល ៦ (ប្រាំ​មួយ) ខែ​ ទើបត្រូវ​អនុវត្ត)​ ​។ ច្បាប់​នេះ​មាន​គោលបំណង​ធានាស្ថិរភាព​នៃ​ទំនាក់ទំនង​គតិយុត្តផ្នែករដ្ឋប្បវេណី​ និង​ធានា​ឲ្យ​មាន​ការ​អនុវត្ត​​ត្រឹម​ត្រូវ​នូវ​បទប្បញ្ញត្តិ​នៃ​ក្រម​រដ្ឋប្បវេណី។ ដើម្បីបំភ្លឺ​ចម្ងល់​ពី​អានុភាព​នៃ​ក្រឹត្យ-ច្បាប់​លេខ ៣៨ ខាងលើ ច្បាប់​ស្តីពី​ការ​អនុវត្ត​ក្រម​រដ្ឋប្បវេណី​បាន​កំណត់​ថា "ក្រឹត្យ-ច្បាប់​លេខ ៣៨ ក្រ.ច ត្រូវបាត់បង់​អានុភាព​ចាប់​ពីកាលបរិច្ឆេទ​នៃការអនុវត្ត​ លើកលែង​តែ​មាត្រា ៨៣ ដល់​មាត្រា ៨៨ នៃ​ក្រឹត្យ-ច្បាប់​លេខ ៣៨ នោះ​នៅតែមាន​អានុភាព​ នៅ​ក្រោយ​កាល​បរិច្ឆេទនៃ​ការអនុវត្ត​ រហូតដល់ពេល​ដែល​កំណត់​ដោយ​ច្បាប់​ផ្សេង" (មាត្រា ៧៩ ច្បាប់​ស្តីពី​ការ​អនុវត្ត​ក្រុម​រដ្ឋប្បវេណី)។

តាមន័យ​នេះ ចាប់​ពី​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១១ រាជរដ្ឋាភិបាលកម្ពុជា​ប្រកាស​ឲ្យអនុវត្ត​​ក្រម​រដ្ឋប្បវេណី និង​ច្បាប់​ស្តីពី​ការ​អនុវត្ត​ក្រម​រដ្ឋ​ប្បវេណី​រួម​មក បទប្បញ្ញត្តិ​នៃ​ក្រឹត្យ-ច្បាប់​លេខ ៣៨ ដែល​នៅ​ជាធរមាន​នោះ​គឺ​មាន​តែ​មាត្រា ៨៣ ដល់​មាត្រា​ ៨៨ ប៉ុណ្ណោះ ពោលគឺ​ជា​បទប្បញ្ញត្តិ​ពាក់​ព័ន្ធ​នឹង​កិច្ច​សន្យា​​ដឹកជញ្ជូន

មាត្រា ៨៣៖ កិច្ច​សន្យា​ដឹកជញ្ជូន​ ជា​កិច្ច​សន្យា​ដែល​អ្នក​ដឹកជញ្ជូន​សន្យា​ដឹក​អ្នក​ដំណើរ​ ភារៈវត្ថុ ឬ​ទំនិញ ពីកន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត​ដោយ​យក​ថ្លៃ​តាម​ការ​ព្រម​ព្រៀង​ ឬ​តាម​ថ្លៃ​កំណត់​របស់​រដ្ឋ។

មាត្រា ៨៤៖ កាលណា​អ្នក​ដឹក​ជញ្ជូន​យឺតយ៉ាវ​ក្នុង​ការ​ប្រគល់​យាន​ដឹក​ជញ្ជូន​ អ្នក​បញ្ជូន​មាន​សិទ្ធិ​បញ្ឈប់​កិច្ច​​សន្យា​ហើយ​តម្រូវ៖

  • ឲ្យ​សង​ប្រាក់​ចំណាយ​ក្នុង​ការ​លើក​ដាក់​ និង​ប្រាក់​ដែល​បាន​បង់រួច​ហើយ​ទៅ​ឲ្យ​អ្នក​ដឹក​ជញ្ជូន​ផ្សេងទៀត។
  • ឲ្យ​សង​ជួសជុល​អន្តរាយ​ បណ្តាល​មក​ពី​ការ​យឺតយ៉ាវ "ករណី​បាត់ ឬ​ខូចភារៈ​វត្ថុ ឬ​ទំនិញ​ដែល​ត្រូវ​ដឹក​ជញ្ជូន​ ឬ​ការ​ចុះតំលៃ បណ្តាល​មក​ពី​ការ​យឺតយ៉ាវ​។
មាត្រា ៨៥កាលណា​អ្ន​កបញ្ជូន​យឺតយ៉ាវ​ក្នុង​ការ​លើក​ដាក់​ភារៈវត្ថុ ឬ​ទំនិញ អ្នក​ដឹក​ជញ្ជូន​មាន​សិទ្ធិ​តំរូវ​ឲ្យ​ជួស​ជុល​ការ​ខាត​បង់​ និង​បញ្ឈប់​កិច្ច​សន្យា។​

មាត្រា ៨៦៖ អ្នក​ដឹក​ជញ្ជូន​ត្រូវ​ទទួល​ខុសត្រូវ​អំពី​ការ​បាត់​បង់​ ឬ​ការ​ខូច​ខាត​លើ​វត្ថុ​ដឹក​ជញ្ជូន។ អ្នក​ដឹក​ជញ្ជូន​ក៏​ត្រូវ​ទទួល​ខុសត្រូ​វ​អំពី​គ្រោះ​ថ្នាក់​ដែល​បណ្តាល​ឡើង​ដល់​អ្នក​ដំណើរ ក្នុង​ពេល​ដែល​ខ្លួន​ដឹក​ជញ្ជូនដែរ។
អ្នក​ដឹក​ជញ្ជូន​ត្រូវ​បាន​រួច​ខ្លួន​ពី​ការទទួល​ខុសត្រូវ​ខាង​លើ​ ក្នុង​ករណី​ប្រធាន​សក្តិ ឬ​ក្នុង​ករណី​អ្នក​ដំណើរ​ត្រូវ​រង​គ្រោះ ដោយ​មក​ពី​ការ​ធ្វេសប្រហែស​របស់​ខ្លួន។
បើ​ភារៈវត្ថុ​ ឬ​ទំនិញ​ដែល​ត្រូវ​គេ​ប្រគល់​ឲ្យ​ដឹក​ជញ្ជូន​អន្តរាយ​ដោយ​ចោរកម្ម អ្នក​ដឹក​ជញ្ជូន​ត្រូវ​ជួសជុល​សំណង​នៃ​ភារៈវត្ថុ ឬ​ទំនិញនោះ។

មាត្រា ៨៧អ្នក​ដឹក​ជញ្ជូន​ត្រូវ​ធានា​អំពី​ការ​ខូច​ខាត​លើ​វត្ថុ ប្រសិន​បើ​ការ​ខូច​ខាត​នោះ មិន​មែន​បណ្តាល​ម​ក​ពី​ករណី​ប្រធាន​សក្ខិ ឬ​វិបត្តិ​ផ្ទាល់​នៃ​វត្ថុ​នោះ។ អ្នក​ដឹក​ជញ្ជូន​ត្រូវ​ទទួល​ខុសត្រូវ​ជា​ពិសេស​ចំពោះ​ការ​បាត់​បង់​ ឬ​ការ​ខូច​ខាត​ បណ្តាល​មក​ពី​ការយឺតយ៉ាវ​ដោយ​គ្មាន​មូលហេតុ​សម​ស្រប​នៅពេល​ដឹក​ជញ្ជូន។

មាត្រា ៨៨ បណ្តឹង​សុំ​ជួស​ជុល​ការ​ខូច​ខាត​ ត្រូវ​ធ្វើ​ក្នុង​រយៈពេល​ ១ ឆ្នាំ​ គិត​ពីថ្ងៃ​ដែល​ម្ខាស់​របស់​បាន​ដឹង​ថា​ បាត់ ឬ​ខូចខាត ឬ​គិត​ពី​ថ្ងៃ​ដែល​អ្នក​ដំណើរ​បាន​ទទួល​រង​គ្រោះ។ 

Tuesday, April 30, 2013

ស្វែងយល់ពីកិច្ច​សន្យា​លក់ទិញតាម​ក្រម​រដ្ឋប្បវេណី​ (Sale contract upon Cambodia Civil Code/ Le contrat de vente dans le Code civil)

កិច្ចសន្យាលក់ទិញគឺជា​កិច្ចសន្យា​មួយ​ដែល​ភាគីម្ខាង (អ្នកលក់) មាន​ករណីយកិច្ច​ផ្ទេរកម្មសិទ្ធិ​លើ​វត្ថុ​ណាមួយ​ទៅ​ឲ្យ​ភាគី​ម្ខាង​ទៀត (អ្នក​ទិញ) ដែល​មាន​កាតព្វកិច្ច​ទូទាត់​ថ្លៃនៃ​វត្ថុ​នោះ។ តាម​ន័យ​នេះ កិច្ច​សន្យាលក់​ទិញ​គឺ​ជា​កិច្ចសន្យា​អញ្ញមញ្ញ​ ដោយ​ហេតុ​ថា​កិច្ច​សន្យា​នេះ​បង្កើត​នូវ​សិទ្ធិ​​និង​កាតព្វកិច្ច​ចំពោះ​ភាគី​នីមួយៗ។ កិច្ច​សន្យា​លក់​ទិញ​មានគោលដៅ​ផ្ទេរ​កម្មសិទ្ធិ​នេះ​វត្ថុ​មួយ​​ជាថ្នូរនឹង​ការ​ទូទាត់​ប្រាក់។ (អានបន្ត)

Monday, February 25, 2013

ឯកសារ​អនុវត្ត​នីតិ​ពាណិជ្ជកម្ម​ (Commercial Law practical documents/Les formalités administratives du droit des affaires)

ខាង​ក្រោម​នេះ​គឺ​ជា​បទដ្ឋាន​គតិយុត្ត​ដែល​មាន​លក្ខណៈ​បែប​អនុវត្ត​សម្រាប់​នីតិ​ពាណិជ្ជកម្ម​ ដូច​ជា​ខ្លឹម​សារ​នៃ​លក្ខន្តិកៈក្រុមហ៊ុន កម្រៃ​រដ្ឋបាល​សម្រាប់​ចុះ​បញ្ជី​ពាណិជ្ជកម្ម​ នីតិ​វិធី​ទទួល​បាន​វិញ្ញាបន​បត្រ​បញ្ជាក់​ប្រភព​ដើម ។ល។ ដែល​ដក​ស្រង់​ពី​គេហទំព័រ​របស់​ក្រសួង​ពាណិជ្ជកម្ម (http://www.moc.gov.kh/News/Default.aspx?MenuID=14)  ៖


ប្រកាសអន្តរក្រសួងស្តីពីកម្រៃរដ្ឋបាលក្នុងការចុះបញ្ជីពាណិជ្ជកម្ម
Administrative Fee for Commercial Registration
សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ស្តីពីការតំកល់ដើមទុនក្រុមហ៊ុននៅធនាគារ
Capital Requirement for Commercial Registration
ប្រកាសស្តីពីការផ្តល់វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (Certificate of Origin) ជូនសិប្បកម្មក្នុងស្រុក
Certificate of Origin for Domestic Handicraft
ប្រកាសស្តីពីការធ្វើវិមជ្ឈការ ការចុះបញ្ជីពាណិជ្ជកម្មនៅមណ្ឌលសាខាខេត្ត-ក្រុង
Decentralization of Commercial Registration at Municipal and Provincial Offices
ប្រកាសស្តីពីការកំណត់សោហ៊ុយចំណាយលើបែបបទសុំចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម
Determination of Costs for Commercial Registration
សេចក្តីជូនដំណឹងស្តីពីឯកសារតម្រូវសម្រាប់ការចុះបញ្ជីពាណិជ្ជកម្ម
Documentary Requirements for Commercial Registration
Documentary Requirements for Commercial Registration (Procedures and Timelines)

ប្រកាសអន្តរក្រសួងស្តីពីការកែសម្រួលការកំណត់កំរ៉ៃគ្រប់គ្រងការនាំចេញ (Export Management Fee) និងសោហ៊ុយពាក់ព័ន្ធ
Export Management Fee and Related Cost
ប្រកាសស្តីពីការបំពេញប្រតិវេទន៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុនពាណិជ្ជកម្ម
Filing of Annual Declaration of Commercial Company (new)
ប្រកាសស្តីពីនីតិវិធីចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ
Formalities of Issuance Certificate of Origin, Export License, (EU, NON-EU, AFRICA)
ប្រកាសស្តីពីនីតិវិធីចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ, វិក្កយបត្រពាណិជ្ជកម្ម, អាជ្ញាប័ណ្ណនាំចេញ
Formalities of Issuance of Certificate of Origin, Commercial Invoice, Export License
សេចក្តីជួនដំណឹងអំពីការអនុវត្តផែនការកំណែទម្រង់ការចុះបញ្ជីពាណិជ្ជកម្ម
Implementation of Reform Plan for Commercial Registration
ប្រកាសស្តីពីការផ្តល់វិញ្ញាបនបត្រប្រភពដើមទំនិញ តាមជើងយន្តហោះ បន្ទាប់ពីដឹកជញ្ជូនតាមរថយន្ត ឆ្លងកាត់ព្រំដែនកម្ពុជា
Issuance of Certificate of Origin to Goods Transported by Air
ប្រកាសស្តីពីវិធានការចាំបាច់មួយចំនួនសម្រាប់គ្រប់គ្រងការនាំចេញក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម
Necessary Measures for the Governance of Exports Under Trade Preferential Scheme
សេចក្តីជូនដំណឹងស្តីពីការមកប្តូរយកវិញ្ញាបនបត្រ ចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម តាមគំរូថ្មីនិងការមកបំពេញ ប្រតិវេទន៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុនពាណិជ្ជកម្ម
New Form of Commercial Registration Certificate
សេចក្តីជូនដំណឹងស្តីពីការបំពេញបទប្រតិវេទន៍ស្តីពីស្ថានភាពសហគ្រាសពាណិជ្ជកម្ម
Notification of Annual Declaration of Commercial Company
សេចក្តីជូនដំណឹងស្តីពីការបំពេញបទប្រតិវេទន៍ស្តីពីស្ថានភាពសហគ្រាសពាណិជ្ជកម្ម
Notification of Annual Declaration of Commercial Situation
ប្រកាសស្តីពីការបង់កំរ៉ៃគ្រប់គ្រងការនាំចេញ (EMF) សម្រាប់សំលៀកបំពាក់អនាម័យ ដែលប្រើតែមួយលើក រួចហើយបោះចោល
Payment of Export Management Fee for Disposal and Protective Products
ប្រកាសស្តីពីបែបបទ និងនីតិវិធី កែប្រែលក្ខន្តិកៈក្រុមហ៊ុន
Procedure to Amend Articles of Incorporation No 120 Moc SM 2006
ប្រកាសស្តីពីបែបបទ និងនីតិវិធី កែប្រែលក្ខន្តិកៈក្រុមហ៊ុន
Procedure and Formality to Amend Articles of Incorporation No 099 Moc SM 2008
សេចក្តីជូនដំណឹងស្តីពីបែបបទទំនាក់ទំនង និង រយៈពេលចុះបញ្ជីពាណិជ្ជកម្ម នៅនាយកដ្ឋាននីតិកម្ម
Procedure and Timeline for Commercial Registration at Legal Affairs Dept. of MOC
សេចក្តីជូនដំណឹងស្តីពីបែបបទ និងនិតិវិធីសម្រាប់ការចុះបញ្ជីពាណិជ្ជកម្ម នៅមណ្ឌលសាខាចុះបញ្ជីពាណិជ្ជកម្ម ខេត្ត-ក្រុង
Procedures and Formalities of Company Registration at Province
ប្រកាសស្តីពីការចុះបញ្ជីសុំសិទ្ធិនាំចេញក្រោមគំរោងអនុគ្រោះពន្ធ សម្រាប់សហគ្រាសសិប្បកម្ម
Registration for Rights to Export Under Trade Preferential Scheme
ប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម
Registration in the Commercial Register
ប្រកាសអន្តរក្រសួងស្តីពីការកែសម្រួលការកំណត់កំរ៉ៃគ្រប់គ្រងការនាំចេញ (Export Management Fee)
Revised Export Management Fee
សេចក្តីជូនដំណឹងស្តីពីប្រកាសសំខាន់ៗនៃលក្ខន្តិកៈក្រុមហ៊ុន
Significant Contents for Incorporation