យ៉ាងណាម៉ិញ កម្ពុជាបានប្រកាសឲ្យប្រើក្រមរដ្ឋប្បវេណី នៅថ្ងៃ៨ ខែធ្នូ ឆ្នាំ២០០៧ ដែលត្រូវបានចាត់ទុកថាជាក្រមដ៏សំខាន់មួយនៃនីតិឯកជន ដោយហេតុថាក្រមរដ្ឋប្បវេណីនេះគឺជាច្បាប់មូលដ្ឋាន ជាច្បាប់សាមញ្ញ ឬជាច្បាប់រួមដែលអនុវត្តគ្រប់ទំនាក់ទំនងគតិយុត្តក្នុងនីតិឯកជនលើកលែងតែមានច្បាប់ពិសេស។ ក្នុងក្របខណ្ឌនេះ ក្រមរដ្ឋប្បវេណីបានបញ្ញត្តិពីវិធាននានាទាក់ទងនឹង កាតព្វកិច្ច កិច្ចសន្យា ក៏ដូចជាការទទួលខុសត្រូវរដ្ឋប្បវេណីផងដែរ។ អាស្រ័យហេតុនេះ គេអាចនឹងមានចម្ងល់ថាតើក្រឹត្យ-ច្បាប់លេខ ៣៨ ខាងលើត្រូវបាននិរាករណ៍ទាំងស្រុង ឬយ៉ាងណា។
នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១១ ច្បាប់ស្តីពីការអនុវត្តក្រមរដ្ឋប្បវេណី ត្រូវបានប្រកាសឲ្យប្រើ ដោយបានកំណត់កាលបរិច្ឆេទនៃការអនុវត្តក្រុមរដ្ឋប្បវេណី ដូចនឹងការអនុវត្តនៃច្បាប់នេះដែរ (ក្រោយពេលចូលជាធរមាននៅទូទាំងប្រទេស ច្បាប់នេះត្រូវផ្សព្វផ្សាយរយៈពេល ៦ (ប្រាំមួយ) ខែ ទើបត្រូវអនុវត្ត) ។ ច្បាប់នេះមានគោលបំណងធានាស្ថិរភាពនៃទំនាក់ទំនងគតិយុត្តផ្នែករដ្ឋប្បវេណី និងធានាឲ្យមានការអនុវត្តត្រឹមត្រូវនូវបទប្បញ្ញត្តិនៃក្រមរដ្ឋប្បវេណី។ ដើម្បីបំភ្លឺចម្ងល់ពីអានុភាពនៃក្រឹត្យ-ច្បាប់លេខ ៣៨ ខាងលើ ច្បាប់ស្តីពីការអនុវត្តក្រមរដ្ឋប្បវេណីបានកំណត់ថា "ក្រឹត្យ-ច្បាប់លេខ ៣៨ ក្រ.ច ត្រូវបាត់បង់អានុភាពចាប់ពីកាលបរិច្ឆេទនៃការអនុវត្ត លើកលែងតែមាត្រា ៨៣ ដល់មាត្រា ៨៨ នៃក្រឹត្យ-ច្បាប់លេខ ៣៨ នោះនៅតែមានអានុភាព នៅក្រោយកាលបរិច្ឆេទនៃការអនុវត្ត រហូតដល់ពេលដែលកំណត់ដោយច្បាប់ផ្សេង" (មាត្រា ៧៩ ច្បាប់ស្តីពីការអនុវត្តក្រុមរដ្ឋប្បវេណី)។
តាមន័យនេះ ចាប់ពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១១ រាជរដ្ឋាភិបាលកម្ពុជាប្រកាសឲ្យអនុវត្តក្រមរដ្ឋប្បវេណី និងច្បាប់ស្តីពីការអនុវត្តក្រមរដ្ឋប្បវេណីរួមមក បទប្បញ្ញត្តិនៃក្រឹត្យ-ច្បាប់លេខ ៣៨ ដែលនៅជាធរមាននោះគឺមានតែមាត្រា ៨៣ ដល់មាត្រា ៨៨ ប៉ុណ្ណោះ ពោលគឺជាបទប្បញ្ញត្តិពាក់ព័ន្ធនឹងកិច្ចសន្យាដឹកជញ្ជូន៖
មាត្រា ៨៣៖ កិច្ចសន្យាដឹកជញ្ជូន ជាកិច្ចសន្យាដែលអ្នកដឹកជញ្ជូនសន្យាដឹកអ្នកដំណើរ ភារៈវត្ថុ ឬទំនិញ ពីកន្លែងមួយទៅកន្លែងមួយទៀតដោយយកថ្លៃតាមការព្រមព្រៀង ឬតាមថ្លៃកំណត់របស់រដ្ឋ។
មាត្រា ៨៤៖ កាលណាអ្នកដឹកជញ្ជូនយឺតយ៉ាវក្នុងការប្រគល់យានដឹកជញ្ជូន អ្នកបញ្ជូនមានសិទ្ធិបញ្ឈប់កិច្ចសន្យាហើយតម្រូវ៖
- ឲ្យសងប្រាក់ចំណាយក្នុងការលើកដាក់ និងប្រាក់ដែលបានបង់រួចហើយទៅឲ្យអ្នកដឹកជញ្ជូនផ្សេងទៀត។
- ឲ្យសងជួសជុលអន្តរាយ បណ្តាលមកពីការយឺតយ៉ាវ "ករណីបាត់ ឬខូចភារៈវត្ថុ ឬទំនិញដែលត្រូវដឹកជញ្ជូន ឬការចុះតំលៃ បណ្តាលមកពីការយឺតយ៉ាវ។
មាត្រា ៨៥៖ កាលណាអ្នកបញ្ជូនយឺតយ៉ាវក្នុងការលើកដាក់ភារៈវត្ថុ ឬទំនិញ អ្នកដឹកជញ្ជូនមានសិទ្ធិតំរូវឲ្យជួសជុលការខាតបង់ និងបញ្ឈប់កិច្ចសន្យា។
មាត្រា ៨៦៖ អ្នកដឹកជញ្ជូនត្រូវទទួលខុសត្រូវអំពីការបាត់បង់ ឬការខូចខាតលើវត្ថុដឹកជញ្ជូន។ អ្នកដឹកជញ្ជូនក៏ត្រូវទទួលខុសត្រូវអំពីគ្រោះថ្នាក់ដែលបណ្តាលឡើងដល់អ្នកដំណើរ ក្នុងពេលដែលខ្លួនដឹកជញ្ជូនដែរ។
អ្នកដឹកជញ្ជូនត្រូវបានរួចខ្លួនពីការទទួលខុសត្រូវខាងលើ ក្នុងករណីប្រធានសក្តិ ឬក្នុងករណីអ្នកដំណើរត្រូវរងគ្រោះ ដោយមកពីការធ្វេសប្រហែសរបស់ខ្លួន។
បើភារៈវត្ថុ ឬទំនិញដែលត្រូវគេប្រគល់ឲ្យដឹកជញ្ជូនអន្តរាយដោយចោរកម្ម អ្នកដឹកជញ្ជូនត្រូវជួសជុលសំណងនៃភារៈវត្ថុ ឬទំនិញនោះ។
មាត្រា ៨៧៖ អ្នកដឹកជញ្ជូនត្រូវធានាអំពីការខូចខាតលើវត្ថុ ប្រសិនបើការខូចខាតនោះ មិនមែនបណ្តាលមកពីករណីប្រធានសក្ខិ ឬវិបត្តិផ្ទាល់នៃវត្ថុនោះ។ អ្នកដឹកជញ្ជូនត្រូវទទួលខុសត្រូវជាពិសេសចំពោះការបាត់បង់ ឬការខូចខាត បណ្តាលមកពីការយឺតយ៉ាវដោយគ្មានមូលហេតុសមស្របនៅពេលដឹកជញ្ជូន។
មាត្រា ៨៨៖ បណ្តឹងសុំជួសជុលការខូចខាត ត្រូវធ្វើក្នុងរយៈពេល ១ ឆ្នាំ គិតពីថ្ងៃដែលម្ខាស់របស់បានដឹងថា បាត់ ឬខូចខាត ឬគិតពីថ្ងៃដែលអ្នកដំណើរបានទទួលរងគ្រោះ។
No comments:
Post a Comment