សន្តតិកម្មគឺជាការផ្ទេរនូវបេតិកភណ្ឌ
សិទ្ធិនិងករណីយកិច្ច ទ្រព្យសម្បត្តិ និងបំណុល។
ប៉ុន្តែដូចយើងឃើញដើមហើយសិទ្ធិនិងកាតព្វកិច្ចណាដែលមានលក្ខណៈផ្តាច់មុខ
គឺមិនអាចជាកម្មវត្ថុនៃសន្តតិកម្មបានឡើយ។
ជាក់ស្តែងសិទ្ធិទាំងឡាយដែលទាក់ទងនឹងជរាភាពឬជីវិតនៃមតកជន
មិនអាចបន្តតាមសន្តតិកម្មបានទេ ដូចជាប្រាក់សោធននិវត្ត និងផលុបភោគ[2]ជាដើម។
ដូចគ្នានេះដែរ
ចំពោះទ្រព្យសម្បត្តិទាំងឡាយណាដែលត្រុវបានចាត់ទុកជារតនសម្បត្តិរបស់គ្រួសារ
ចេតិយ ឬវត្ថុសម្រាប់ជំនឿសាសនាជាដើមមិនស្ថិតនៅក្រោមវិធានឬបទប្បញ្ញត្តិទូទៅនៃការផ្ទេរសន្តតិកម្មនោះទេ
ដោយហេតុថាទ្រព្យសម្បត្តិ ឬវត្ថុទាំងនេះ បានលក្ខណៈពិសេសរបស់ខ្លួន។
ហេតុនេះ
ការបែងចែករបស់ទាំងនេះតាមសន្តតិកម្មអាចផ្អែកលើការពិចារណាថាតើបុគ្គលនោះមានចំណងភ្ជាប់ខ្លាំងជាមួយនឹងទ្រព្យនោះ
ឬមានលក្ខណៈសម្បត្តិនិងគុណវុឌ្ឍិល្អជាងគេ ក្នុងការទទួលទ្រព្យទាំងនេះ។
ជាក់ស្តែងក្រមរដ្ឋប្បវេណីឆ្នាំ ២០០៧ បានបញ្ជាក់ថា
“ចំពោះកម្មសិទ្ធិលើវត្ថុសម្រាប់ជំនឿសាសនា និង ចេតិយ ឬ ចលនវត្ថុដែលជារតនសម្បត្តិគ្រួសារនៃបុព្វជន
បើមានជនដែលត្រូវទទួលបន្តកម្មសិទ្ធិទាំងនោះ
ដូចជាជនដែលត្រូវដឹកនាំពិធីបុណ្យនៃបុព្វជន ដោយយោងតាមការកំណត់របស់មតកជន
ជននោះត្រូវទទួលបន្ត ។ បើមតកជនពុំបានកំណត់ទេ
ជនដែលត្រូវដឹកនាំពិធីបុណ្យនៃបុព្វជនត្រូវទទួលបន្តនូវកម្មសិទ្ធិទាំងនោះ
ដោយយោងតាមទំនៀមទម្លាប់ ។ ប្រសិនបើទំនៀមទម្លាប់មិនច្បាស់លាស់ទេ
តុលាការត្រូវកំណត់ជនដែលត្រូវទទួលបន្តនោះ[3]។
[1] សេចក្តីលម្អិតនៃការវិវត្ត និងសិទ្ធិរបស់សហព័ទ្ធលើសន្តតិកម្មនឹងត្រូវបានសិក្សាលម្អិតនៅមេរៀនខាងមុខ។
[2] មាត្រា ២៦០ នៃក្រមរដ្ឋប្បវេណីបានបញ្ញត្តថា
(...) ប្រសិនបើមិនបានកំណត់អំឡុងពេលដែលផលុបភោគមានអាត្ថិភាពទេ
ផលុបភោគនោះ ត្រូវបានចាត់ទុកថាមានអត្ថិភាពរហូតដល់ពេលផលុបភោគីទទួលមរណភាព។
សូមអានមាត្រា ២៦៨ នៃក្រមដដែលនេះផងដែរ។
[3] មាត្រា ១១៤៧.- ការទទួលបន្តនូវមត៌ក នៃក្រមរដ្ឋប្បវេណី។ ជាមួយគ្នានេះ
យើងនៅមានចំណុចមួយចំនួនដែលនៅចោទសួរនៅឡើយទាក់ទងនឹងសន្តតិកម្មលើសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល
អតិថិតា ។ល។
អាចទាញយកមេរៀនទាំងស្រុង/Download/Télécharger (ខ្មែរ/Khmer)
No comments:
Post a Comment